ជនសង្ស័យដែលជាមុខសញ្ញាឆក់៤នាក់ត្រូវនគរបាលប៉ុស្តិ៍កាកាបទី១ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញាឆក់យ៉ាងសកម្មចំនួន៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ឃាត់ខ្លួនខណៈដែលជនទាំងនេះចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដំណើរតាមផ្លូវ ហើយជួបកម្លាំងនគរបាលខាងលើកំពុងល្បាតទប់ស្កាត់ពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ទើបត្រូវអស់លក្ខណ៍តែម្ដង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិត​នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវជាប់អន្ទាក់ទាំង៤នាក់នោះរួមមាន​៖ទី​១,ឈ្មោះផាត មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងប៉ះកង់ មានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។​ទី​ ២,ឈ្មោះចាន់ វឍ្ឍនវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅខណ្ឌឫស្សីកែវ ។ទី​ ៣,ឈ្មោះចំរើន ថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។​ ទី​៤,ឈ្មោះភឿន សុភ័ក្រ្ក ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

​សំភារៈ​ដកហូតបានម៉ូតូម៉ាកហុងដាស្គូបពីដែលជាមធ្យោជិះធ្វើសកម្មភាពចំនួន២គ្រឿងគឺមានស៊េរីឆ្នាំ២០១៩ ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1HE-6580 ១គ្រឿង និងស៊េរីឆ្នាំ២០២០ ពណ៍លឿងពាក់ស្លាកលេខភ្នំពេញ1II-2348 ១គ្រឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់​ លោក​ វរសេនីយ៍ត្រី​ ទូច​ ទី​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាកាប​ទី​១​ បាន​ដឹកនាំ​មន្ត្រី​នៅ​ក្រោម​ឱវាទ​ ចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ខណៈនោះក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ពេលនោះគ្រាន់តែបានឃើញ​កម្លាំង​នគរបាលភ្លាមជនសង្ស័យទាំងនេះបានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបាននគរបាលដេញធ្វើការឃាត់ខ្លួនបានភ្លាមៗរួចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី១តែម្ដង។

ក្រោយពេលឃាត់ខ្លួនសួរនាំជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានសម្រេចជាច្រើនលើករួចមកហើយ។ ដោយឡែកពេលនេះបម្រុងធ្វើសកម្មភាពឆក់ទៀត ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួនបែបនេះ ។បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យខ្លះៗហើយនគរបាលបាននិងកំពុងបន្តការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញ​បន្ត​ចាត់ការតាមច្បាប់៕