សត្វកែះ ជាប្រភេទសត្វកម្រលើពិភពលោក តែកំពុងមានវត្តមាននៅកម្ពុជា

សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស។ ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានរកឃើញវត្តមានសត្វកែះនៅក្នុងតំបន់ការពារធម្មជាតិ និងកម្ពុជាតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិស្ថិតក្នុងក្របខណ្ឌនៃការសិក្សាចងក្រងទិន្នន័យប្រភេទសត្វកម្រៗនៅកម្ពុជា។ ប្រភេទសត្វកម្រនៅលើពិភពលោកនេះត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។

បើតាមឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា ប្រភេទសត្វកម្រនៅលើពិភពលោកនេះត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។

គេមិនទាន់មានទិន្នន័យពិតប្រាកដថាមានសត្វកែះប៉ុន្មានក្បាលរស់នៅក្នុងប្រទេសកម្ពុជាទេ តែបើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រភេទសត្វកែះនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។ បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់និងការបាត់បង់ជីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឺងក្នុងការជួញដូរដោយសារតែជំនឿ។

យោងតាមការសិក្សា កែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើងវាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។

តាមការសិក្សា ចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ កែះមានជើងយ៉ាង​ចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។

វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។ ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជសត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន ១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញមួយឆ្នាំ ទើបចាកចេញ៕

ប្រភព÷ AKP