AFC U-23 Asian Cup 2022 កម្ពុជាស្ថិតក្នុងពូល K ជាមួយជប៉ុន និងកូរ៉េខាងជើង

CAMSOC-ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំ​កម្ពុជា បាន​ស្ថិត​ក្នុង​ពូល K ជា​មួយ​ក្រុម​ខ្លាំង​ជប៉ុន និង​កូរ៉េ​ខាង​ជើង នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់​ជើង​ឯក​យុវ​ជន​អាយុ​ក្រោម២៣​ឆ្នាំ​ ប្រ​ចាំ​ទ្វីប​អាស៊ី (AFC U-23 Asian Cup 2022)។ នេះ​ បើ​តាម​លទ្ធ​ផលនៃ​ការ​ចាប់​ឆ្នោត​នា​រសៀល​ថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ​២០២១នេះ ដែល​រៀប​ចំ​ដោយ​សហ​ព័ន្ធ​កី​ឡា​បាល់​ទាត់​អា​ស៊ី​ (AFC) នៅ​ទី​ស្នាក់​ការ​កណ្ដាល​របស់​ខ្លួន នា​ទី​ក្រុង​គូ​ឡា​ឡាំ​ពួរ ប្រ​ទេស​ម៉ា​ឡេ​ស៊ី។

ព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំទ្វីបអាស៊ីនេះ មាន ៤២ក្រុម​ចូល​រួម និង​បែង​ចែក​ជា១១ពូល ដោយពូលនីមួយៗ មាន៤ក្រុម លើកលែងតែពូល F និងពូល K ដែលមានត្រឹម៣ក្រុមប៉ុណ្ណោះ ក្នុងមួយពូល។ ចំពោះការប្រកួតជម្រុះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៣-៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដើម្បីចម្រាញ់រកក្រុមខ្លាំង ឡើងទៅជុំចុងក្រោយ នៃពានរង្វាន់ AFC U-23 Asian Cup 2022 នៅប្រទេសអ៊ូបេគីស្ថាន ដែលគ្រោងប្រកួតពីថ្ងៃទី០១-១៩ ខែមិថុនា ឆ្នាំ២០២២។

គួរដឹងថា កាលពីឆ្នាំ២០១៩ ក្រុមយុវជន U-23 កម្ពុជា ធ្លាប់បានចូលរួម និងធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល H តែបានធ្លាក់ត្រឹមវគ្គជម្រុះ បន្ទាប់ពីចាញ់អូស្ដ្រាលី ៦-០, ចាញ់កូរ៉េខាងត្បូង ៦-១ និងស្មើក្រុមឆាយនីតៃប៉ិ ១-១ នៅពហុកីឡដ្ឋានជាតិ។ ពានរង្វាន់យុវជន U-23 ប្រចាំទ្វីបអាស៊ីនេះ បានបង្កើតដំបូង កាលពីឆ្នាំ២០១៣ ដោយរៀបចំរៀងរាល់២ឆ្នាំម្ដង ខណៈក្រុមជើងឯក៤សម័យកន្លងមក រួមមានក្រុម U23 អ៊ីរ៉ាក់ (ជើងឯកឆ្នាំ២០១៣), ជប៉ុន (ជើងឯកឆ្នាំ២០១៦), អ៊ូបេគីស្ថាន (ជើងឯកឆ្នាំ២០១៨) និងកូរ៉េខាងត្បូង (ជើងឯកឆ្នាំ២០២០)៕