ជនសង្ស័យ ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពកាច់កម៉ូតូ

ឧត្តរមានជ័យ÷ ដោយមានការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី០៦ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង ១៧៖៣០នាទី លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុក​ត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងយោធាវរសេនាតូចអន្តរាគមន៍លេខ២៦២ នៃកងពលតូចអន្តរាគមន៍លេខ៦ ចុះធ្វេីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ដែលធ្វើសកម្មភាពលួចកាច់សោរកយកម៉ូតូចំនួន ០១ គ្រឿង នៅចំណុចក្បែរទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍២៦២ ស្ថិតក្នុងភូមិអូររំដេង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កាលពីវេលាម៉ោង ១៣៖០០នាទី មានឈ្មោះដូចខាងក្រោម៖

ទី១. ឈ្មោះ ឈុន ឆៃវ៉េ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្រែក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ទី២. ឈ្មោះ អាង សម្បត្តិ ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន​៖ ម៉ូតូ ០១ គ្រឿង និង សម្ភារៈសម្រាប់កាច់សោរកម៉ូតូមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីរួចរាល់ ហើយក៏ត្រូវបានចៅក្រមស៊ើបសួរចេញដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រា ៣៥៣ និង ៣៥៦ នៃក្រមព្រហ្មទណ្ឌ ៕