រថភ្លើងកិនក្មេងប្រុសស្រី២នាក់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ខណៈកំពុងដេកលក់លើផ្លូវនៅខេត្តពោធិសាត់

លោកវរសេនីយ៍ឯក ឯម រុន អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា តាមការបញ្ជាក់ពីភ្នាក់ងារសម្រួលចរាចរណ៍លើដងផ្លូវដែលមានរថភ្លើងឆ្លងកាត់ បានឲ្យដឹងថា នៅវេលាម៉ោង០៤ព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវរថភ្លើងនៅចំណុចខាងកើតផ្លូវរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ចំងាយ១៥០ម៉ែត្រ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរថភ្លើងមួយខ្សែបាន ធ្វើចរាចណ៍ក្នុងទិសដៅពីលិចទៅកើត ។ លុះព្រឹកឡើងស្រាប់តែឮដំណឹងមានមនុស្សត្រូវរថភ្លើងកិន បណ្តាលឲ្យក្មេងប្រុសស្រី ពីរនាក់ស្លាប់និងរបួសធ្ងន់ ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះពិតត្រូវរថភ្លើងកិនប្រាកដមែន ដោយជនរងគ្រោះម្នាក់ភេទស្រីដែលដេកកើយផ្លូវរថភ្លើង ត្រូវបានរថភ្លើងកិន ចំកនិងក្បាល ។

ចំណែកឯជនរងគ្រោះម្នាក់ទៀតភេទប្រុស ត្រូវរថភ្លើងកិនបណ្តាលឲ្យ រងរបួសដាច់ម្រាមដៃខាងឆ្វេង និងរបួសក្បាល ។

ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា គឺបណ្តាលមកពីពួកគេ ដើរស្វែងរករើសអេតចាយ លុះដល់យប់ជ្រៅងងុយដេក ក៏នាំបងប្អូនដេកកើយលើផ្លូវរថភ្លើង ។

លោកអធិការបានបញ្ជាក់បន្ថែមថា ជនរងគ្រោះទាំងពីរនាក់ ទី១ឈ្មោះ ញ៉ាញ់ អិត ភេទស្រី អាយុ១៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ទី២ ឈ្មោះញ៉ាញ់ ញៀន ភេទប្រុសអាយុ៨ឆ្នាំ រងរបួសដាច់ម្រាមដៃខាងឆ្វេង និងរងរបួសក្បាល បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឈើតុំ ជនរងគ្រោះទាំង០២នាក់ មានទីលំនៅភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ន សពក្មេងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕