វិសាខា បង្ហាញខ្សែប្រយុទ្ធចំណូលថ្មី ជំនួសកៅ​អី​កី​ឡា​ករ​អង់​គ្លេស Charlie Machell

CAMSOC-ភ្នំពេញ៖ ក្លឹបបាល់ទាត់ វិសាខា នៅរសៀលថ្ងៃទី១១ ខែ​កក្កដា​នេះ បាន​បង្ហាញ​ខ្សែ​ប្រយុទ្ធចំណូលថ្មី ១រូប គឺ​កី​ឡា​ករ​ប្រេ​ស៊ីល Cristian Alex ដែល​ទំនង​ត្រូវ​បំ​ពេញ​កូ​តា​កី​ឡា​ករ​បរ​ទេស ជំ​នួស​កៅអី​ខ្សែ​បម្រើ​សញ្ជាតិ​អង់​គ្លេស​កី​ឡា​ករ Charlie Machell ដែល​បាន​ចាក​ចេញ កាល​ពី​ដើម​ខែ​ឧសភា ដើម្បី​ត្រៀម​ជើង​ទី២ នៃ​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេម​បូ​ឌាន​លីគ ឆ្នាំ​២០២១។

Cristian Alex មានវ័យ ២៧ឆ្នាំ ហើយគេមានបទពិសោធន៍លើទីលានជាង១០ឆ្នាំមកហើយ ទាំងនៅតំបន់អឺរ៉ុប និងអាស៊ី ពិសេសនៅអាស៊ាន។ រូបគេធ្លាប់លេងឲ្យក្លឹបជាច្រើននៅថៃ ជាក់ស្ដែង ៣រដូវកាលចុងក្រោយ កីឡាករកម្ពស់១.៨៨ម៉ែត្ររូបនេះ បានលេងឲ្យក្លឹប Chiangmai FC នៅឆ្នាំ២០១៨ មុនផ្ទេរទៅក្លឹប Khonkaen FC (ខ្ចីជើង) កាលពីឆ្នាំ២០១៩ និងចុងក្រោយលេងឲ្យក្លឹប Songkhla FC ក្នុងរដូវកាលឆ្នាំ២០២០-២០២១ មុនផ្ទេរមកវិសាខាពេលនេះ។

ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា «តាងនាមគ្រួសារបាល់ទាត់វិសាខា សូមសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានខ្សែប្រយុទ្ធចំណូលថ្មីរបស់យើង Cristian Alex។ ពួកយើងសង្ឃឹមថា វត្តមានរបស់ Alex នឹងរួមចំណែកជួយក្លឹបរបស់យើង ឆ្ពោះទៅរកភាពជោគជ័យថ្មីៗបន្ថែមទៀត នារដូវកាលក្នុងនេះ ហើយបង្ហាញនូវអ្វីដែលថ្មី និងអស្ចារ្យជូនដល់បងប្អូនអ្នកគាំទ្ររបស់យើងនាពេលឆាប់ៗខាងមុខ»។

សូមបញ្ជាក់ថា ការបង្ហាញកីឡាករចំណូលថ្មីនេះ ធ្វើឡើងជាង១សប្ដាហ៍ មុនបើកទីផ្សារដោះដូរកីឡាករ នៅជើងទី២ នៃលីគកំពូលកម្ពុជា ខណៈទីផ្សារដោះដូរកីឡាករ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ខាងមុខ។ បច្ចុប្បន្ន ក្រុមវិសាខា ទើបប្រកួតជើងទី១ បាន៦ប្រកួតប៉ុណ្ណោះ ដោយរកបាន១២ពិន្ទុក្នុងដៃ ជាមួយលទ្ធផល៦ប្រកួត ឈ្នះ៣ និងស្មើ៣ និងមិនទាន់ស្គាល់ចាញ់ឡើយ៕

ប្រភព៖ ក្លិបបាល់ទាត់វិសាខា