អបអរសាទរ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់គម្រោងផ្លូវ ៤គន្លង ប្រវែងជាង ៤៥គ.ម ដល់ខេត្តកំពង់ចាម 

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យគម្រោងពង្រីកផ្លូវជាតិលេខ៧ ជាផ្លូវ ៤គន្លង ដែលមានប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជើងព្រៃ មកដល់ចំណុចគល់ស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ។

គម្រោងមួយនេះ ជាចំណងដៃថ្មីស្រឡាងមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាតភ្ជាប់ចរាចររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តភាគឥសាន្ត។ ហើយតាមរយៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន សមិទ្ធិផលថ្មីនានារបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកសាង ស្ថាបនា ជួសជុលឡើង ជាក់ស្តែង គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ជាផ្លូវដែលមាន៤គន្លង ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ចរាចរណ៏ទៅវិញទៅមក ខណៈបច្ចុប្បន្នកម្ពុជា មានកំណើនមធ្យោបាយដំណើរពីមួយឆ្នាំទៅមួយឆ្នាំ។

សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ ផ្លូវចាប់ពីចំណុចស្គន់ ឆ្ពោះទៅដល់រាជធានីភ្នំពេញ គឺយើងមានផ្លូវ៤គន្លង រួចហើយ ។ ដោយឡែក ចាប់ពីចំណុចស្គន់ឆ្ពោះមកកាន់ទីរួម ខេត្តកំពង់ចាមវិញ យើងមានផ្លូវ តែ២គន្លងប៉ុណ្ណោះ។ គម្រោងនេះ នឹងលេចចេញជារូបរាង បន្ទាប់ពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ នឹងដឹកជញ្ជូន ចុះសិក្សាលម្អិត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម