បុរស០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ខេត្តតាកែវ៖ នៅថ្ងៃចន្ទ ៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែតលេខ៦៦-៦៧ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿង ប្រើដប់ថ្មគប់មកលើជនរងគ្រោះមួយនាក់ឈ្មោះ ហង់ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ បណ្តាលឱ្យរងរបួសត្រង់ក្បាលជាទម្ងន់។ លុះដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ទើបម្តាយជនរងគ្រោះឈ្មោះ ណុប ទូច ភេទស្រី អាយុ៥៣ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលសំរោងដើម្បីសមត្ថកិច្ចស្រាវជ្រាវ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឃាត់ខ្លួន០២នាក់មានឈ្មោះ រ៉េត ស៉ីវទី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្រាំងស្តៅ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ(ជនដៃដល់) និងទី២ឈ្មោះ តាយ ផានិត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិដូនតី ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ (អ្នកបើកម៉ូតូ)។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាធ្វើសកម្មភាពគប់ទៅលើជនរងគ្រោះប្រាកដមែន ព្រោះរឿងគំនុំពេលលេងបាល់។ បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕