សមត្ថកិច្ចចម្រុះបង្ក្រាបគ្រឿងក្នុងជ្រូកប្រមាណ១០តោន នាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខុសច្បាប់

សមត្ថកិច្ចចម្រុះបានបង្ក្រាបគ្រឿងក្នុងជ្រូកប្រមាណ១០តោន នាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតល្មើសច្បាប់ ដឹកតាមរថយន្តធុនធំរបស់ថៃ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តង់ត្រី ក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលសត្វ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា កម្លាំងរបស់លោក សហការគ្នាជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ចបទល្មើសខេត្ត កម្លាំងជលផលខេត្ត បានបង្ក្រាបផលិតផលសត្វ ដែលលួចនាំចូលពីប្រទេសថៃ មានសាច់ជ្រូក៨០កេស និងមានសាច់មាន់ ឆ្អឹងមាន់ច្រើនទៀត សរុបទំងន់ប្រហែលជា១០តោន ។
លោក បានបញ្ជាក់ថា ផលិតផលសាច់ជ្រូក ដែលសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបនេះ ៖ ទី១-គឺពុំមានច្បាប់អនុញ្ញាត ចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអគ្គនាយកដ្ឋានហើយមួយវិញទៀត ទាក់ទងទៅ និងការដឹកជញ្ជូនគឺមិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និយាយរួមការដឹកខុសលក្ខណៈបច្ចេកទេស នៃការវិញខ្ចប់ ដែលធ្វើឲ្យផលិតផលទាំងនេះ ខូចគុណភាពប៉ះពាល់សុខភាពប្រជាពលរដ្ឋយកទៅទទួលទាន ។
លោក បញ្ជាក់ទៀតថា ផលិតផលគ្រឿងក្នុងជ្រូក ឆ្អឹងមាន់ ទាំងនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ គឺប្រមូលយកទៅដុតកម្ទេចចោលដោយមិនមានការលើកលែងនោះទេ ។ ប៉ុន្តែមុនដុតកម្ទេចចោលត្រូវយកសំណាកមកវិភាគរកសារធាតុគីមីដែលបំផ្លាញសុខភាព ជាមុនសិន បន្ទាប់មករៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការនីតិវិធីផងដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ