ប្រតិភូ និងអត្តពលិកកម្ពុជា នឹង​ចេញ​ទៅ​ប្រ​កួត​កី​ឡា​អូ​ឡាំ​ពិក-ទី​ក្រុង​តូក្យូ នា​ថ្ងៃទី​២០-កក្កដា

CAMSOC-ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ-កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ចាក​ចេញ​ពី​មាតុ​ភូមិ ទៅ​ចូល​រួម​ប្រ​កួត​កី​ឡា​អូឡាំ​ពិក ទី​ក្រុង​តូក្យូ ឆ្នាំ​២០២០ (Tokyo Olympic Game 2020) នៅ​ប្រ​ទេស​ជប៉ុន នា​ថ្ងៃ​ទី២០ ខែ​កក្កដា​សប្ដាហ៍​ក្រោយ​នេះ​ហើយ ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម។

លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម បានឲ្យដឹងថា ប្រតិ​ភូ​កម្ពុជា ដែល​ត្រូវ​បំ​ពេញ​បេសកកម្មខាងលើ នឹងដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន នាយ​បេកកម្ម អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី និងរូបលោក។ រីឯកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា មាន ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និង​កីឡា​ការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួត​វិញ្ញាសា​ហែល ៥០​ម៉ែត្រ​សេរី​ដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវ​ប្រ​កួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។

នាយរងបេសកកម្មដដែលបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកម្ពុជា ត្រូវ​ចេញ​ដំណើរទៅប្រទេសជប៉ុន នាថ្ងៃទី២០ ខែកក្កដាខាងមុខ ដើម្បី​ត្រៀមចូលរួមពិធីបើកការប្រកួតផ្លូវការព្រឹត្តិការណ៍ Tokyo Olympic Game 2020 នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្ដែ​កម្មវិធី​ប្រកួត​របស់​អត្ត​ពលិក​កម្ពុជា ត្រូវរង់ចាំដល់ថ្ងៃទី០១ ខែ​សីហាដូចគ្នា ហើយ​ក្រោយ​ចប់​​ការ​ប្រកួត ប្រតិភូ និងអត្តពលិកកម្ពុជា គ្រោង​ត្រ​ឡប់​មក​មាតុ​ភូមិ​វិញភ្លាមៗ ដោយមិនរង់ចាំនៅពិធីបិទការប្រកួតឡើយ ព្រោះ​កត្ដាសុវត្ថិភាព និងពិបាកស្វែងរកជើងហោះហើរត្រឡប់មកវិញ។

គួរដឹងថា កម្ពុជាបានទទួលសិទ្ធិអនុគ្រោះ ក្នុងការបញ្ជូនអត្ត​ព​លិក ២​ប្រ​ភេទ​កីឡា គឺកីឡាហែលទឹក និងកីឡាអត្តពលកម្ម ចូល​រួម​ប្រ​កួត​ព្រឹត្តិ​ការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែល​បាន​លើកពេលពីឆ្នាំមុន មករៀបចំឆ្នាំនេះ ចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូត​ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ៕