ប្រទះឃើញសពអ្នកនេសាទត្រីម្នាក់អណ្តែតទឹក ក្នុងស្ទឹងមួយកន្លែងនៅស្រុកអូរជ្រៅ

ប្រទះឃើញសាកសពបុរសវ័យជាង៥០ឆ្នាំម្នាក់អណ្តែតក្នុងស្ទឹងមួយកន្លែង នៅក្នុងឃុំសំរោងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោង បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប៉ែន ឌុល ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាអតីតមន្ត្រីរាជការចូលនិវត្តន៍)។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ក្រោយកម្លាំងជំនាញធ្វើកោសល្យវិច័យ លទ្ធផលបានបង្ហាញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក ព្រោះគ្មានស្លាកស្នាមអ្វីពាក់ពន្ធ័បទល្មើសព្រហ្មទ័ណ្ឌឡើយ។

លោកអធិការបន្តថា យោងការសួរនាំក្រុមគ្រួសាររបស់សព បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានផឹកស្រា ហើយក៏បានទៅរកត្រីនិងដាក់មោងក្នុងស្ទឹងមួយកន្លែងនៅចុងភូមិ លុះម៉ោង៧និង៣០នាទីព្រឹក ស្រាប់តែមានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចថា ប្រទះឃើញសពអណ្តែតទឹក។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ សាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕