ឯកឧត្តម វ៉ាត់ ចំរើន ដឹកនាំប្រតិភូ និង​អត្ត​ព​លិក​អូ​ឡាំ​ពិក​កម្ពុជា ធ្វើ​តេស្ដ​កូវីដ-១៩ មុន​ចេញ​ដំ​ណើរ​ទៅ​ទី​ក្រុង​តូក្យូ

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា និង​ជា​នា​យ​បេ​ស​ក​កម្ម នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ នេះ បាន​ដឹក​នាំ​ប្រ​តិ​ភូ និង​អត្ត​ព​លិក​អូ​ឡាំ​ពិក​កម្ពុជា ធ្វើ​តេស្ដ​សំ​ណាក​រក​ជំងឺ​កូវីដ-១៩ ​នៅ​វិទ្យា​ស្ថាន​ជាតិ​សុខ​ភាព​សា​ធា​រ​ណៈ មុន​ចេញ​ដំ​ណើរ​ចាក​ចេញ​ពី​មា​តុភូមិ ទៅ​ចូល​រួម​ប្រ​កួត​កី​ឡា​អូឡាំ​ពិក​រដូវ​ក្ដៅ នៅ​ទី​ក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) នៅ​ប្រ​ទេស​ជប៉ុន នា​ថ្ងៃទី​២០ ខែ​កក្កដា​ឆាប់ៗ​ខាង​មុខ។

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការ​ធ្វើ​តេស្ដ​សំ​ណាក​រក​កូវីដ​នេះ គឺ​ជា​លក្ខ​ខណ្ឌ​មួយ ដែល​បណ្ដា​ប្រទេស​សមាជិក​ចូលរួម​ប្រកួត​កីឡា​អូឡាំ​ពិក​ទាំងអស់ ត្រូវ​គោរព​គោល​ការណ៍​របស់​គណៈ​កម្មាធិ​ការ​រៀបចំការប្រកួតដែលតម្រូវ ទី១-រយៈពេល១៤ថ្ងៃ​ មុន​ចេញ​ដំណើរ ប្រតិភូ និងកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវថែរក្សាសុខភាព និង​ពិនិត្យ​សុខ​ភាពរៀងរាល់ថ្ងៃ ហើយ​រាយ​ការណ៍​ទៅ​គណៈ​កម្មាធិ​ការ​រៀប​ចំ​ការ​ប្រ​កួត​នៅ​ទីក្រុង​តូក្យូ តាមរយៈប្រព័ន្ធ App ត្រួត​ពិនិត្យ​សុខ​ភាព​មួយ​រៀង​រាល់ថ្ងៃ ដែលមានឈ្មោះថា OCHA។

ទី២-ត្រូវធ្វើតេស្ដសំណាករកកូវីដ-១៩ យ៉ាងហោច ៧២ម៉ោង មុន​ឡើង​យន្ដហោះ។ ដូច្នេះហើយទើបថ្ងៃនេះ ប្រតិភូ និងអត្តពលិកកម្ពុជា បាន​រៀប​ចំ​​ការ​ធ្វើ​តេស្ដ ដើម្បី​ទទួល​បាន​ឯក​សារ​គ្រប់​គ្រាន់ សម្រាប់​ឡើង​យន្ដ​ហោះ​ឆ្ពោះ​ទៅ​ទី​ក្រុង​តូក្យូ ហើយយកលទ្ធផលនេះ ទៅ​បង្ហាញ​គេ និងទី៣-ការ​រៀបចំ​មុន​ចេញ​ដំណើរ រួម​មានការរៀបចំជូនប្រតិភូ និង​អត្ត​ពលិក នូវម៉ាស់ មួកពេទ្យ និងសម្ភារមួយចំនួនទៀត ដែល​អាច​យក​ទៅ​ជា​មួយ​បាន ដូចជាទឹកអាល់កុលជាដើម។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។

ឯកឧត្តមនាយបេសកកម្មបន្ដថា បន្ទាប់ពីធ្វើដំណើរដល់តូក្យូ ក្រោយ​ចុះ​ពី​​យន្ដ​ហោះ គេនឹងធ្វើតេស្ដសំណាកទៀត ប៉ុន្ដែនៅទីនោះ គេ​យក​កំ​ហាក ហើយគេតម្រូវឲ្យធ្វើតេស្ដកំហាករៀងរាល់ថ្ងៃ ដើម្បី​តាម​ដាន​សុខ​ភាព និងស្វែងរកជំងឺកូវីដ-១៩ ក្នុងភូមិកីឡា។ ទោះ​បី​មាន​ការ​រក​ឃើញ​វិជ្ជមានក្នុងភូមិកីឡា ដូចព័ត៌មានចុះផ្សាយក៏ពិតមែន តែ​គណៈ​កម្មា​ធិការ​រៀប​ចំអូឡាំពិក មិនបាត់បង់ម្ចាស់ការក្នុងការគ្រប់គ្រងនោះទេ ដោយ​សារ​ការ​មាន​ប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។ ដូច្នេះម្នាក់ៗ នៅ​ក្នុង​ភូមិកីឡា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

ចំពោះការធ្វើតេស្ដសំណាកប្រតិភូ និងអត្តពលិក​អូឡាំ​ពិក​កម្ពុជា​ថ្ងៃនេះ​វិញ សុខ​ភាព​របស់​ប្រតិភូ និងកីឡាករ-កីឡាការិនីម្នាក់ៗ គឺធម្មតា គ្រាន់​តែលទ្ធផលមិនចេញ ពោលគឺអាចនឹងដឹងនៅថ្ងៃស្អែក។ យ៉ាងណាមិញ ឯក​ឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​គណៈ​កម្មការ​អន្ដរក្រសួងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល និង​វិទ្យា​ស្ថាន​ជាតិ​សុខភាពសាធារណៈ ដែល​បាន​សម្រប​សម្រួល​ដល់​ការ​ធ្វើ​តេស្ដ​ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា ជា​មួយ​ការ​បម្រើសេវា​យ៉ាង​ល្អ និងគួរជាទីមោទនៈ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកក្កដាស្អែកនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធាន NOCC នឹងរៀបចំពិធីជួបសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្តដល់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា នៅទីស្នាក់ការ NOCC មុនប្រតិភូ និងអត្តពលិកទាំងអស់ ត្រូវធ្វើដំណើរទៅប្រទេសជប៉ុន នាវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលនឹងប្រារព្ធពិធីបើកនៅថ្ងៃទី២៣ ខែកក្កដា និងបិទនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។

ចំពោះប្រតិភូ និងអត្តពលិកកម្ពុជា ដែលត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ គឺមានឯកឧត្តម វ៉ាត់ ចំរើន ជានាយបេសកកម្ម, លោក ញ៉ាន សុខវិសាល ជានាយរងបេសកកម្ម និងលោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី រួមជាមួយគ្រូបង្វឹក ២រូប និងកីឡាករ-កីឡាការិនី ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ៕