ប្រធានការិយាល័យអប់រំក្រុងសៀមរាបលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់កុំបោះបង់ការសិក្សា ទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ

លោក សូរ វណ្ណស៊ី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងសៀមរាប មានប្រសាសន៍ថា ដោយសារការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩ ជាពិសេសការឆ្លងរាលដាលខ្លាំងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងនោះសិស្សប្រមាណ២៥ភាគរយបានបោះបង់ការសិក្សា ខណៈកាលពីឆ្នាំ២០២០ សិស្សបោះបង់ការសិក្សាមានប្រមាណតែ១៥ភាគរយប៉ុណ្ណោះ ហើយសិស្សដែលបានបោះបង់ការសិក្សានោះ គឺភាគច្រើនសុទ្ធសឹងជាសិស្សដែលរស់នៅតាមបណ្ដាស្រុកមួយចំនួន ដែលបានផ្លាស់ការសិក្សាមកក្នុងក្រុងសៀមរាប ឬ សិស្សចំណូលស្រុក ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុនិងទូរទស្សន៍ជាតិខេត្ត នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានធ្វើការផ្សាយផ្ទាល់កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក សូរ វណ្ណស៊ី មានប្រសាសន៍ទៀតថា បញ្ហាមួយចំនួនទៀតដែលជាកត្តាជំរុញឲ្យពួកគេឈប់រៀននោះ គឺក្រុមគ្រួសាររបស់សិស្សមួយចំនួនមានជីវភាពក្រីក្រ គ្មានលទ្ធភាពក្នុងការទិញឧបករណ៍រៀនពីចង្ងាយ និង សិស្សមួយចំនួនទៀត មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀន ដោយសារតែត្រូវជួយដល់ការងារឪពុកម្ដាយជាដើម តែទោះជាយ៉ាងនេះក្ដី ការិយាល័យអប់រំក្រុង តែងតែធ្វើការណែនាំដល់លោកគ្រូ អ្នកគ្រូ បន្ដដាស់តឿនដល់ឪពុកម្ដាយ ឬមាតាបិតាអាណាព្យាបាលសិស្ស ឲ្យជំរុញលើកទឹកទឹកចិត្តដល់សិស្សកុំឲ្យបោះបង់ការសិក្សា ឬ ណែនាំដល់សិស្សានុសិស្សដទៃទៀត ដែលបានរៀនពីចង្ងាយជួយបង្រៀនសិស្សដទៃទៀតក្នុងមូលដ្ឋាន ឬជួយប្រាប់ពីព័ត៌មានណាមួយទាក់ទងនឹងការសិក្សា ឬ ប្រឡងផ្សេងៗជាដើម ។

សូមបញ្ជាក់ថា កាលពីដើមខែមីនាឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានសម្រេចឲ្យគ្រិះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ទូទាំងប្រទេស ផ្អាកការរៀនក្នុងថ្នាក់ជំនួសដោយការរៀនពីចម្ងាយ ដើម្បីដោះស្រាយបញ្ហាក្នុងការសិក្សាស្របពេលនៃការផ្ទុះឡើងជំងឺកូវីដ១៩ និងដើម្បីបង្កើនសមត្ថភាពសម្រាប់ការអប់រំនៅពេលអនាគត ដែលនេះ ទាមទារឲ្យសិស្សានុសិស្សព្យាយាម ស្វែងយល់ដោយខ្លួនឯង បន្ទាប់ពីលោកគ្រូអ្នកគ្រូទទួលបន្ទុកបញ្ជូនមេរៀន ឬ សន្លឹកកិច្ចការតាមប្រព័ន្ធឌីជីថល ជាដើម ។

គួររំលឹកថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងរៀបចំដំណើរការរចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ដល់១៧ឆ្នាំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំនោះទេ បន្ទាប់ពីចាក់ចំនួន១០លាននាក់រួចហើយ និង បានអំពាវនាវមាតាបិតា និង អាណាព្យាបាលរបស់កុមារ និង យុវវ័យ ត្រូវត្រៀមខ្លួនដើម្បីនាំកូនចៅទៅចាក់វ៉ាក់សាំង មុនឈានដល់ការបើកដំណើរការសាលារៀនឡើងវិញ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា យើងចង់ឲ្យមានភាពស៊ាំក្នុងសង្គម ដើម្បីឈានដល់បើកដំណើរឡើងវិញនូវសេដ្ឋកិច្ច ពិសេសសាលារៀន ដែលយើងបានផ្អាកបិទសាលារៀន ហើយឲ្យរៀនពីចំងាយតាមប្រព័ន្ធអន ឡាញ ហើយការធ្វើបែបនេះ ជាការខាតបង់មួយ ផ្ទុយទៅវិញបើសិនយើងបានចាក់វ៉ាក់សាំង ឲ្យកុមារ និង យុវវ័យ យ៉ាងហោចណាស់ យើងអាចបើកចាប់ពីអនុវិទ្យាល័យឡើងទៅ ដែលមានកុមារ មាន អាយុចាប់ពី១២ឆ្នាំ ឡើងកំពុងរៀននៅអនុវិទ្យាល័យ ហើយសម្តេច ក៏បានឲ្យមានត្រៀមវ៉ាក់សាំង សម្រាប់ចាក់ជូនកុមារ ដែលមានអាយុ ១១ ឆ្នាំ ឈាននឹងចូលអាយុ ១២ ឆ្នាំផងដែរ ៕

ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប