មនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល ក្នុងករណីឆេះទូកដឹកបន្លែនៅក្រុងកោះរ៉ុង

សមត្ថកិច្ចឲ្យដឹងថា ទូកមួយគ្រឿងបានឆាបឆេះជាអគ្គិភយ័ពេលកំពុងបើកបរក្នុងសមុទ្រ កោះរ៉ុង វេលាម៉ោង១០កន្លះព្រឹក ថ្ងៃទី២១ ខែកក្តដាឆ្នាំ២០២១ ស្ថិតនៅចំណុចចន្លោះផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

អ្នកបើកបរទូកឲ្យដឹងថានៅលើទូកមានមនុស្សចំនួន១១នាក់ ស្រី០៥នាក់ មានទាំងមនុស្សចាស់និងក្មេងតូចផង បានចេញដំណើពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៊ាំងម៉ាស៊ីនទូកបណ្តាលអោយមានភ្លើងឆាបឆេះ ជាអគ្គិភយ័ នៅលើទូក ។
ហេតុការណ៍បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ (ឈ្មោះហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ) និងរងបួសចំនួន០៦នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ជាអ្នកបើកបរទូក ។
ពេលកើតហេតុភ្លាមៗក៍មានការជួយសង្គ្រោះពីអូបរ័ល្បឿនលឿនដែលនៅជិតដឹកជញ្ជូនជនរងគ្រោះមកកាន់ដីគោក និងការជួយសង្គ្រោះពីសមត្ថកិច្ចនិងប្រជាពលរដ្ឋបន្ថែមទៀត នាំយកអ្នករងបួសមកមន្ទីរពេទ្យ៕