កម្មវិធី Email Protection របស់ក្រុមហ៊ុន DuckDuckGo អាចបញ្ឈប់ការតាមដានតាមរយៈ Tracking pixels

DuckDuckGo គឺជាក្រុមហ៊ុនមួយដែលអ្នកប្រើប្រាស់កុំព្យូទ័រជាច្រើនបានស្គាល់តាមរយៈកម្មវិធីស្វែងរក DuckDuckGo (search engine)។ កម្មវិធីស្វែងរកនេះកាន់តែមានប្រជាប្រិយភាពមួយរយៈពេលចុងក្រោយនេះ ដោយសារតែអ្នកប្រើប្រាស់កាន់តែច្រើនមានការព្រួយបារម្ភពីការទាញយកព័ត៌មានឯកជនភាពរបស់ពួកគេ ដែលមានជាមួយនឹងកម្មវិធីស្វែងរកដទៃទៀត។

ដើម្បីជួយការពារអ្នកប្រើប្រាស់ពីការតាមដានតាមរយៈ tracking pixels ក្រុមហ៊ុន DuckDuckGo បានកំពុងសាកល្បងកម្មវិធី Email Protection ដែលនឹងលុបចោល tracking pixels មុននឹងបញ្ជូនអុីមែលនោះទៅឱ្យអ្នកប្រើប្រាស់។

Tracking pixels គឺជារូបភាពដ៏តូចមួយដែលក្រុមហ៊ុនលួចបង្កប់ជាមួយនឹងអុីមែលដែលពួកគេបានផ្ញើ ដើម្បីលួចតាមដានអ្នកប្រើប្រាស់។ នៅពេលដែលលោកអ្នកបើកអុីមែល ពួកគេអាចដឹង ពីពេលវេលាដែលលោកអ្នកបើកអុីមែល ឧបករណ៍ដែលកំពុងប្រើប្រាស់ និងជាងនេះទៅទៀតពួកគេក៏អាចដឹងអំពីទីតាំងដែលលោកអ្នកបានបើកអុីមែលនោះផងដែរ។

ដើម្បីប្រើមុខងារនេះ វាតម្រូវឱ្យលោកអ្នកបង្កើតអុីមែលមួយទៀតដែលមានឈ្មោះ @duck.com ជាមួយនឹងក្រុមហ៊ុន DuckDuckGo ដើម្បីបញ្ជូនអុីមែលរបស់លោកអ្នកទៅឱ្យកុំព្យូទ័រសើវើមួយទៀត មុននឹងបញ្ជូនមកឱ្យអុីមែលផ្ទាល់ខ្លួនរបស់លោកអ្នក ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេនឹងមិនរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់សូម្បីតែអាសយដ្ឋានអុីមែលរបស់អ្នកផ្ញើនិងអ្នកទទួល។

គួរបញ្ជាក់ផងដែរថា មុខងារ Email Protection គឺវាស្រដៀងគ្នាទៅនឹងមុខងារ Hide My Email ដែលក្រុមហ៊ុន Apple នឹងដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 15 និង macOS Monterey នៅចុងឆ្នាំនេះ៕

ប្រភពព័ត៌មាន