វ៉ាក់សាំងស៊ីណូវ៉ាក់ ៥លានដូសសម្រាប់ចាក់ដល់កុមារនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ចាប់ពីខែក្រោយនេះ

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអោយដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ចាក់ជូនដល់កុមារកម្ពុជានឹងមកដល់កម្ពុជាចំនួន៣លានដូស នៅខែសីហា ២០២១ និងចំនួន២លានដូសទៀត នឹងមកដល់នៅខែ កញ្ញា ២០២១នេះដែរ ។

ប្រសាសន៍ខាងលើធ្វើឡើងគ្រាដែលលោកជំទាវ យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលស្ថិតក្នុងពិធីទទួល វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន ១លានដូសរបស់ក្រុមហ៊ុនស៊ីណូហ្វាម ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ថ្ងៃទី២២ ខែកក្កដានេះ ។

សូមជម្រាបកាលពីពេលថ្មីៗនេះសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថាកម្ពុជានឹងចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនប្រមាណ២លាននាក់ ៕