ស្នងការនគរបាលខេត្តកោះកុងបានបំភ្លឺបដិសេធន៍ចំពោះខ្លឹមសារអត្ថាធិប្បាយរបស់បុរសម្នាក់លើបណ្តាញសង្គមហ្វេសប៊ុក

កោះកុង៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបកស្រាយបំភ្លឺជុំវិញករណីមានបុរសម្នាក់ដែលជាម្ចាស់គេហទំព័រឈ្មោះ ស្លាបប៉ាកាទេវរាជ បានធ្វើអត្ថាធិប្បាយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយចោទប្រកាន់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែរ និងថែមទាំងតាំងខ្លួនជាខ្សែលោហិតរាជវង្សទៀតផង។

ពាក់ព័ន្ធករណីនេះ លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារអត្ថាធិប្បាយរបស់ឈ្មោះ ផុន កុលចំរើន ដែលជាម្ចាស់គេហទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ ដែលបានបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក និងចាត់ទុកថា គឺមានចេតនាមួលបង្កាច់ស្ថានការណ៍ពិតទាំងស្រុង និងបង្កឲ្យមានចលាចលសង្គម។ ជាក់ស្ដែងប្រមុខរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធបាននិងកំពុងខិតខំអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី ប្រើប្រាស់មធ្យោបាយសរុប ធនធានសរុប ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈការបង្កើតបាននូវបទដ្ឋានគតិយុត្ត យន្តការក្នុងការអនុវត្ត និងផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងបានជំរុញឱ្យមន្ត្រីរាជការ ប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងទាំងស្ម័គ្រចិត្ត និងកាតព្វកិច្ច ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋចៀសផុតពីជម្ងឺឆ្លងដ៏កាចសាហាវនេះ។

អនុវត្តបទបញ្ជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បាននិងកំពុងសហការជួយនាយកដ្ឋានបង្រ្កាបបទល្មើសបច្ចេកវិទ្យា ចាត់តាំងកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនសង្ស័យ ឈ្មោះ កុលចំរើន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕