ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដល់ជនបរទេស បង្ហាញពីបេះដូងសប្បុរសរបស់កម្ពុជា

បទយកការណ៍៖ មេរោគកូវីដ-១៩ បាន និងកំពុងរាតត្បាត និងគំរាមកំហែងអាយុជីវិតមនុស្សយ៉ាងខ្លាំង និងគួរឱ្យព្រួយបារម្ភនៅក្នុងបណ្តាប្រទេសនានានៅលើពិភលោក ក៏ដូចជានៅប្រទេស កម្ពុជា។ សម្រាប់ប្រទេសកម្ពុជា ដើម្បីទប់ស្កាត់មេរោគរាតត្បាតដ៏កាចសាហាវនេះ រាជ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ រួមទាំងវិធានការ ៣កុំ ៣ការពារ និងវិធានការផ្សេងៗជាច្រើនទៀត ជាពិសេសនោះ គឺយុទ្ធនាការចាក់វ៉ាក់សាំងការពារមេរោគ កូវីដ-១៩ ជូន ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលកំពុងស្នាក់នៅប្រទេសកម្ពុជា។

ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង បានសម្រេចផ្តល់វ៉ាក់សាំង ជាបន្តបន្ទាប់ សម្រាប់ចាក់ជូនបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឱ្យបានគ្រប់ៗគ្នាទៅតាមផែនការ ដែលបានរៀបចំដោយ រដ្ឋបាលខេត្តសៀមរាប ដោយជំហានទី១ គឺផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ (ក្នុងរយ:ពេល១៤ថ្ងៃ) និងជំហានទី២ ផ្តល់ជូនប្រជា ពលរដ្ឋក្នុងស្រុកទាំង១១ ជាបន្តបន្ទាប់ទៀត។ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបប្រមាណជាង ២៨ម៉ឺននាក់ហើយ បានទទួល ការចាក់វ៉ាក់សាំងដូសទី១។

ទទ្ទឹមនឹងការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា រាជរដ្ឋា ភិបាលក៏បានគិតគូរពីសុខភាពរបស់ជនបរទេសដែលស្នាក់នៅកម្ពុជាផងដែរ ដោយក្នុងនោះ ជនជាតិបរទេសដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារនៅក្នុងខេត្តសៀមរាប និងដែលបានស្នើមកកាន់រដ្ឋបាលខេត្តសៀមរាបនារយៈពេលកន្លងមក ដែលមានចំនួន ប្រមាណជាង ២ពាន់នាក់ ក៏ទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះផងដែរ។

លោក OLSZEWSKI PIOTR JERZY ជនជាតិអូស្ត្រាលី ដែលកំពុងស្នាក់ ខេត្តសៀមរាប និងបានទៅចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាបបានឱ្យដឹងថា ដំបូងលោកបានទទួលដំណឹងពីមិត្តភក្តិ និងបណ្តាញទំនាក់ទំនង សង្គមរបស់រដ្ឋបាលខេត្តសៀមរាបថា មានការចាក់វ៉ាក់សាំងជូនជនបរទេសស្នាក់នៅ ក្នុងខេត្ត សៀមរាប ពេលនោះអ្នកខ្លះលើកឡើងថា វ៉ាក់សាំងចិនមិនសូវល្អ អ្នកខ្លះថាល្អ ប៉ុន្តែសម្រាប់ លោកបានសម្រេចចិត្តមកចាក់តែម្តង ព្រោះមិនចង់ឱ្យកើតជំងឺកូវីដ-១៩ និងធ្វើឱ្យអ្នក ដទៃរងគ្រោះដោយសារខ្លួន។ លោកពិតជាមានការសប្បាយចិត្តដែល ទទួល បានវ៉ាក់សាំង ដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាលកម្ពុជា។

លោក ប្រ៊ីជ ឈីត (Bric chid) ជាជនជាតិអាម៉េរិក រួមជាមួយជនបរទេសផ្សេងៗទៀត ដែលបានទៅចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះដែរ បានថ្លែងថា «ខ្ញុំគិតថា វាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ដែលត្រូវតែគិតពីសុវត្ថិភាព មនុស្សដទៃទៀត ត្រូវតែគិតពីសុវត្ថិភាពមនុស្សនៅជុំវិញខ្លួន និងសហគមន៍ដែលខ្លួនកំពុង រស់នៅ ហើយសហគមន៍ទាំងមូលត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីចៀសផុតពីមេរោគកូវីដ-១៩នេះ ដូច្នេះការចាក់វ៉ាក់សាំងការពារជំងឺនេះ គឺមានសារៈសំខាន់ណាស់»។

លោកបន្តថា ប្រជាជនគួរតែចាក់វ៉ាក់សាំង ដើម្បីជួយការពារអាយុជីវិតខ្លួន ហើយអ្នក ដែលបដិសេធមិនចាក់វ៉ាក់សាំង នឹងប្រឈមផលវិបាកដ៏ធ្ងន់ធ្ងរនៅថ្ងៃខាងមុខ។ លោក បន្ថែមថា «នៅពេលដែលទទួលបានការចាក់វ៉ាក់សាំងដោយមិនអស់ប្រាក់ទៀតនោះ ហេតុអ្វី យើងមិនមកចាក់ សម្រាប់ខ្ញុំគឺខ្ញុំមកចាក់ ខ្ញុំពេញចិត្តហើយក៏គ្មានអ្វីត្រូវនិយាយថាទេដែរ»។

ឆ្លៀតក្នុងឱកាសនេះ លោក ប្រ៊ីជ ឈីត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាល ជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងដល់ជនបរទេស ដែលការផ្តល់ វ៉ាក់សាំងនេះ គឺជាសកម្មភាពដ៏ល្អមួយ ហើយមិនមែនការពារតែពួកគាត់ទេ គឺបានចូលរួម ចំណែកការពារកម្ពុជាទាំងមូលផងដែរ។ លោកបាននិយាយថា «យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺសំខាន់ណាស់ និងសូមបន្តយុទ្ធនាការនេះបន្ថែមទៀត ហើយខ្ញុំសង្ឃឹមថា ពលរដ្ឋទាំងអស់នៅខេត្តសៀមរាប និងក្នុងប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។ កត្តាទាំងនេះធ្វើឱ្យការស្នាក់នៅ បំពេញការងារ និងប្រកបមុខរបររកស៊ីរបស់ពួកយើងនៅ ក្នុងខេត្តសៀមរាបនេះ មានភាពកក់ក្តៅ»។

សូមបញ្ជាក់ថា ជនបរទេសដែលបានស្នើមកកាន់រដ្ឋបាលខេត្តសៀមរាប ដើម្បីចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលកន្លងមកមានចំនួនប្រមាណជាង ២ពាន់នាក់ ហើយជនបរទេសដែលមកចាក់វ៉ាក់សាំងត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដែលមានដូចជា លិខិតឆ្លងដែន ទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលនៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១) ហើយចំពោះជនបរទេសទាំងឡាយ ណាដែលមានទិដ្ឋាការ នៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណង ចង់ចាក់វ៉ាក់សាំង គឺត្រូវទៅធ្វើការពន្យារទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធីដែលមានជាធរមាន និងលិខិតបញ្ជាក់សុខភាព ឬវេជ្ជបញ្ជានៃការប្រើ ប្រាស់ថ្នាំនានា ដែលកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ ប្រសិនបើមាន៕

ប្រភព÷ AKP