កុមារអាយុ២ឆ្នាំម្នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីរងការវាយប្រហារដែលបានកើតឡើង នៅក្នុងខេត្តតាកែវ

អង្គភាព​ការពារ​កុមារ​បញ្ជាក់ថា​ កាលពីថ្ងៃទី១៨ ខែកក្កដា វេលាម៉ោង១៦:៣០ ជនរងគ្រោះបានធ្វើដំណើរជាមួយឪពុកម្តាយដោយម៉ូតូនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលដែរបុរសញៀនថ្នាំ អាយុ៤៩ឆ្នាំម្នាក់បានវាយប្រហារទៅលើពួកគេ។

ជនសង្ស័យបានប្រើបង្កូលដែកមួយដើមមកវាយទៅលើក្រុមគ្រួសាររងគ្រោះ ហើយក៏រត់គេចខ្លួនបាត់។ គ្រួសាររងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរព្យាបាល ហើយកម្លាំងសមត្ថកិច្ចក៏បានចាប់ផ្តើមស្វែងរកជនល្មើស។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយបានចាប់ផ្តើមតាមដានសុខភាពរបស់កុមាររងគ្រោះ និងផ្តល់ជំនួយក្នុងការស្វែងរកជនល្មើស។

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅពេលក្រោយ ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីធ្វើការសួរនាំ។ ជនសង្ស័យក៏បានសារភាពថារូបគេបានធ្វើសកម្មភាពនេះទាំងគ្មានមូលហេតុណាមួយ។ យើងមានការសង្ស័យថាជនល្មើសកំពុងនៅក្រោមឥទ្ធិពលគ្រឿងញៀន នៅពេលដែលគេបានធ្វើសកម្មភាពនេះ។

សុខភាពរបស់កុមារ២ឆ្នាំក៏កាន់តែធ្ងន់ធ្ងរ ហើយយើងបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ជាមួយម្តាយ។ កុមាររងគ្រោះបានទទួលការវះកាត់ដើម្បីបញ្ឈប់ការដក់ឈាមក្នុងខួរក្បាល។ ការពិនិត្យបន្ថែមបានបង្ហាញថាមានការដក់ឈាមមួយកន្លែងទៀតនៅលើខួរក្បាលរបស់កុមាររងគ្រោះ ហើយក៏គ្រូពេទ្យបានចាក់ថ្នាំសន្លប់។ កុមាររងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយយើងរំពឹងទុកថានឹងមានការវះកាត់បន្ថែម។

ជនសង្ស័យត្រូវបានផ្តន្ទាទោសពីបទហឹង្សាធ្ងន់ធ្ងរដោយចេទនា និងបន្តនៅក្រោមការឃុំខ្លួន។

អង្គភាពការពារកុមារ (CPU) បន្តផ្តល់ជាជំនួយដល់ក្រុមគ្រួសាររងគ្រោះ និងសូមអរគុណទៅដល់ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យគុន្ធបុប្ផា រាជធានីភ្នំពេញ ដែលកំពុងព្យាយាមសង្គ្រោះជីវិតកុមាររងគ្រោះនេះ។

“គ្រប់គ្នាកំពុងតែប្រឹងអស់ពីសមត្ថភាព ដើម្បីធ្វើអោយប្រាកដថាកុមាររងគ្រោះនេះទទួលបាននូវការថែទាំ និងលទ្ធផលល្អបំផុត។ យើងទាំងអស់គ្នាសូមជូនពរអោយនាងផុតពីគ្រោះថ្នាក់មួយនេះ។” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU)៕