ជនខិលខូចកំពុងតែប្រើ URL shortener ដើម្បីវាយលុកជាមួយកម្មវិធីមេរោគ

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញ ពីការកើនឡើងក្នុងការប្រើប្រាស់ URL shortener ដើម្បីចែកចាយកម្មវិធីមេរោគសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។

URL shortener គឺជាវិធីសាស្រ្តបង្រួញ URL ដែលជាតំណភ្ជាប់របស់គេហទំព័រដើម្បីងាយស្រួលក្នុងការចម្លង ឬដើម្បីអាចផ្ញើតាមរយៈសារដែលមានកំណត់តួអក្សរឱ្យបានខ្លីបំផុតនោះ។ នៅពេលដែលអាសយដ្ឋានរបស់គេហទំព័រត្រូវបានបង្រួញ អ្នកប្រើប្រាស់នឹងពុំអាចមើលឃើញឈ្មោះរបស់គេហទំព័រដើមទាំងស្រុងនោះទេ ដែលនេះអាចឱ្យជនខិលខូចបន្លំផ្ញើតំណភ្ជាប់ទៅគេហទំព័រដែលមានផ្ទុកមេរោគបានយ៉ាងងាយស្រួល។

ជនខិលខូចបានប្រើវិធីនេះដើម្បីបញ្ចូលព្រឹត្តិការណ៍ទៅក្នុងប្រតិទិនរបស់ទូរសព្ទ ដើម្បីឱ្យអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ ដែលមានផ្សព្វផ្សាយពាណិជ្ជកម្ម កម្មវិធីមេរោគ ឬរូបភាពអាសអាភាស។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android វិញ ជនខិលខូចអាចបន្លំឱ្យអ្នកប្រើប្រាស់បញ្ចូលកម្មវិធីជាច្រើនទៀត ដោយសារតែទូរសព្ទប្រភេទនេះអាចបញ្ចូលកម្មវិធីពីប្រភពផ្សេងៗបាន។ ជាឧទាហរណ៍ពួកគេបានបង្ហាញអ្នកប្រើប្រាស់នូវកម្មវិធីដែលមានឈ្មោះ “adBLOCK” ប៉ុន្តែតាមការពិតកម្មវិធីនេះគឺជាកម្មវិធីដែលពួកគេចែកចាយដើម្បីផ្សព្វផ្សាយសារបង្ខិតបង្ខំអ្នកប្រើប្រាស់ទាក់ទងទៅនឹងកម្មវិធីមេរោគទៅវិញ។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រាស់ទូរសព្ទ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ននៅពេលដែលលោកអ្នកទទួលបានសារណាមួយនោះ។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារដែលមិនមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងពីការទាញយកកម្មវិធីមេរោគ ឬការលួចយកទិន្នន័យផ្សេងៗ៕

ប្រភពព័ត៌មាន