កម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជា ក្នុង​ព្រឹត្តិ​ការណ៍ Tokyo Olympic Games 2020

CAMSOC-ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាហែលទឹកជម្រើស​ជាតិ​កម្ពុជា បាន​ដឹង​កាល​បរិច្ឆេទ​ប្រ​កួត​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កី​ឡាអូ​ឡាំ​ពិក ទី​ក្រុង​តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន​ហើយ ខណៈ​កី​ឡា​អត្ត​ព​ល​កម្ម ត្រូវ​ប្រ​កួត​នៅថ្ងៃទី​៣១ ខែ​កក្កដា តែ​មិន​ទាន់​ដឹង​ម៉ោង​ប្រ​កួត​នោះ​ទេ។

លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម បានឲ្យដឹងថា កីឡា​ហែល​ទឹក​កម្ពុជា ដោយ​មាន​ការផ្លាស់ប្ដូរមួយចំនួន នឹងត្រូវប្រកួតនាថ្ងៃទី៣០ ខែ​​កក្កដា​វិញ នាវេលាម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា) នៅ​មជ្ឈ​មណ្ឌល​កីឡា​ហែលទឹក Tokyo Aquatics Centre។

ចំពោះអត្តពលិកកីឡាហែលទឹកកម្ពុជាមាន ២រូប គឺកីឡាករ ហែម ប៊ុច និង​កីឡា​ការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០​ម៉ែត្រ​សេរីដូចគ្នា។ សម្រាប់កីឡាករ ហែម ប៊ុច ត្រូវ​ប្រ​កួត​សេរី​ទី៤ (Heat-4) និងខ្សែបន្ទាត់ទី៦(Lane-6)។ រីឯកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាត់ទី៥ (Lane-5)។

នាយរងបេសកកម្មខាងលើ បញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតនេះ គណៈ​កម្មការ​នឹងធ្វើការជ្រើសរើសកីឡាករ-កីឡាការិនីមានសិទ្ធិផលខ្ពស់ជាងគេ ឬប្រើ​ថិរវេលា​តិចជាងគេតាមសេរី ឬ Heat នីមួយៗចំនួន ១៨នាក់​ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បី​បន្ដ​ការ​ប្រ​កួត​ដណ្ដើម​កៅអីវគ្គផ្ដាច់ព្រ័ត្រ និងប្រជែងមេដាយ។ ប៉ុន្ដែកីឡាករ-កីឡាការិនី មិន​សូវរំពឹង​ក្នុងការឈានទៅដណ្ដើមមេដាយនោះទេ ព្រោះ​នេះ​ជា​ការប្រកួតកម្រិតខ្ពស់ តែអ្វីដែលជាក្ដីរំពឹងរបស់អត្តពលិកកម្ពុជា គឺ​ការ​ធ្វើបានល្អក្នុងសេរី និងបំបែកសិទ្ធិផលចាស់របស់ខ្លួន។

ដោយឡែក កីឡាករអត្តពលកម្មកម្ពុជា កីឡាករ ប៉ែន សុគង់ ក៏កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ដូចគ្នា ដើម្បីត្រៀមការប្រកួតរបស់ខ្លួន នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ដោយកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។ ចំពោះម៉ោងប្រកួតវិញ គណៈកម្មការរៀបចំការប្រកួត គ្រោងនឹងប្រកាសថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉ាន សុខវិសាល។

គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅប្រទេសជប៉ុន ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម ហើយកម្ពុជាបានទទួលសិទ្ធិអនុគ្រោះបញ្ជូនអត្តពលិក ២ប្រភេទកីឡាចូលរួមប្រកួត គឺកីឡាករ-កីឡាការិនីហែលទឹក ២រូប និងកីឡាករអត្តពលកម្មម្នាក់ ដែលនឹងត្រូវធ្វើការប្រកួតនាចុងសប្ដាហ៍ក្រោយ៕