ចោរលួចគោអ្នកស្រុកពេលរាត្រីម្នាក់ អស់លក្ខ័ត្រូវនគរបាលឃាត់ខ្លួន

មុខសញ្ញាចោរលួចគោពេលរាត្រីម្នាក់ត្រូវបាននគរបាលចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចគោចំនួនបីក្បាលរបស់អ្នកស្រុក នៅឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងមួយយប់រំលងអធ្រាត្រ ថ្ងៃទី 26 ខែកក្កដាឆ្នាំ 2021។

នគរបាលប៉ុស្តិ៍ស្លក្រាមបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សោន ម៉ាញ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្នោ ឃុំត្រពាំងស្នោរ ស្រុកព្រះវិហារ ខេត្តព្រះវិហារ មានមុខរបរមិនពិតប្រាកដ។ ជនរងគ្រោះម្ចាស់គោមានឈ្មោះ វ៉ាត ផុន ភេទប្រុសអាយុ 53ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង 1 រំលងអាធ្រាត្រ លើកំណាត់ផ្លូវជាតិ៥៦ មុខអនុវិទ្យាល័យកកោះខណៈធ្វើសកម្មភាពដើរលួចគោនិងប្រើប្រាស់រថយន្តកូរ៉េមួយគ្រឿងពាក់ស្លាកលេខកំពត 2A:0595 ដើម្បីដឹកជញ្ជូន។ ដកហូតបានគោរស់ចំនួន០៣ក្បាល និងរថយន្ត១គ្រឿង។

ពាក់ព័ន្ធករណីខាងលើនេះលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ សោន ម៉ាញ សមត្ថកិច្ចធ្វើឡើង ក្រោយពីមានជនរងគ្រោះម្ចាស់គោប្តឹង ចំពោះករណីនេះ លោកកំពុងចាត់ក្រុមជំនាញដើម្បីចុះស្រាវជ្រាវនិងដំណើរការនីតិវិធី៕