ប្រធានាធិបតីរុស្ស៊ី ប្រគល់គ្រឿងឥស្សរិយយសមិត្តភាព ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី 

ឯកឧត្តម Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី បានសម្រេចប្រគល់ គ្រឿងឥស្សរិយយសមិត្តភាព (Order of Friendship) ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នេះបើតាមការឱ្យដឹងពីលោក Rafael Iangareev អនុព័ន្ធសារព័ត៌មាន នៃស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា។

លោក Rafael Iangareev បានគូសបញ្ជាក់ថា ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវការចូលរួមចំណែកដ៏សំខាន់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជា និងរុស្ស៊ី។

លោកបានបន្ថែមថា ឯកឧត្តមប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើក្រឹត្យលេខ ៤៣៤ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដោយប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន នូវគ្រឿងឥស្សរិយយសមិត្តភាព នេះ។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានបង្កើតចំណងការទូត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦។ ប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត នៅឆ្នាំ២០២១នេះ៕

ប្រភព÷ AKP