ស្ត្រីជនសង្ស័យម្នាក់លួចម៉ូតូគេនៅខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្រុងប៉ោយប៉ែត

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអ្នកស្រុកនៅខេត្តបាត់ដំបងហើយរត់មកលាក់ខ្លួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ០០ នាទី។

លោកវីរៈសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ប្រតិបត្តិការនេះមិនគិតយើងបានរួមគ្នាចុះស្រាវជ្រាវរកមុខសញ្ញាលួចម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង1AD-4151 ដែលបាត់កាលពីថ្ងៃទី ២៧ ខែកក្តដាឆ្នាំ ២០២១ នៅចំនុចផ្សារបាដាក ភូមិបាដាក ឃុំ រស្មី សង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រោយមកយើងបានរកឃើញម៉ូតូនោះ នៅចំណុច ផ្ទះខ្ទម អមផ្លូវរថភ្លើង ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យជំនាញបានសហការជាមួយនឹងកម្លាំងពាក់ព័ន្ធឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ រី សារ៉ាវ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិចារថ្មី ឃុំគោកបល្ល័ង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួចបានប្រគល់ជនសង្ស័យ នៅដកហូតបានវត្ថុតាងម៉ូតូមួយគ្រឿង ក្រោយសួរនាំ ជនសង្ស័យត្រូវបានប្រគល់អោយទៅកម្លាំងស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងអនុវត្តន៍បន្តតាមនីតិវិធី៕