ឆ្លងចរន្តអគ្គិសនី​ ឆេះហាងលក់នំប៉័ង​ យីហោ​ សូរសូគិរីវង់​ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន

(ភ្នំពេញ​)៖​ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ២និង១៥នាទីរសៀល​ ថ្ងៃទី០២​ ខែសីហាឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២​ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់មានឈ្មោះ​ឪញាញ់​ លក្ខណា ភេទស្រី​ អាយុ​ ៤០ឆ្នាំ​ ជាអ្នកលក់នំប៉័ង មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការ​ឆ្លងចរន្តអគ្គិសនី​។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ឡចំហុយនំប៉័ង​,​ សម្ភារៈ​មួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៩គ្រឿង ប្រើប្រាស់ទឹកអស់​ ២ឡាន ស្មើ ១២ម៉ែត្រគូប​,​ រថយន្ត​ពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ​ ចំនួន​ ៣គ្រឿង​ ពុំបានប្រេីប្រាស់​ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១ឡាន​ ស្មេី​ ៦ម៉ែត្រ​គូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ២និង៤៥នាទីរសៀល ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២១៕