រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជនចិន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១លានដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១នេះ។

ប្រទេសចិន ជាប្រទេសដំបូងគេដែលបានផ្តល់វ៉ាក់សាំងជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ បូករួមទាំងវ៉ាក់សាំងជំនួយដែលដឹកនាំមកដល់ព្រឹកថ្ងៃនេះផង រដ្ឋាភិបាល និងប្រជាជនចិន បានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជាសរុប ៣.២លានដូសហើយ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលដឹកមកដល់កម្ពុជានាព្រឹកមិញនេះ គឺជាជំនួយជំហានទី៥របស់ចិន ជូនកម្ពុជា។ ស្ថានទូតចិន បានរំលឹកដែរថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ចិន និងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។

ស្ថានទូតចិន បានគូសបញ្ជាក់ដែរថា ក្នុងពេលឆាប់ៗខាងមុខនេះ ភាគីចិន នឹងផ្តល់ជំនួយជាសម្ភារៈបន្ទាន់ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់ជំងឺកូវីដ១៩ ដែលមានតម្លៃសរុបជាង ២០លានយ័ន។ ក្នុងនោះរួមមានម៉ាស៊ីនអុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ស្ថានទូតចិន បានគូសរំលេចទៀតថា ចិន និងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃ និងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិន នឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។

ក្រៅតែពីការផ្តល់ជំនួយវ៉ាក់សាំងហើយនោះ ចិន ក៏បានជួយសម្របមស្រួលជាច្រើន ដើម្បីឱ្យកម្ពុជាទទួលបានវ៉ាក់សាំងតាមរយៈការបញ្ជាទិញពីក្រុមហ៊ុនចិន។ ការជួយសម្របសម្រួលរបស់ចិន បានធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានលឿនជាងផែនការក្នុងការចាក់ជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ចិនជាបង្អែក និងជាអ្នករួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំង៕