ក្រុមអ្នករើសអែតចាយ09នាក់ត្រូវបានចាប់ខ្លួន ក្រោយធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិពេលរាត្រី

បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រុមជនសង្ស័យជាអ្នកអូសរទេះ និងដើរស្ពាយការ៉ុងរើសអេដចាយតែបន្លំគាស់ផ្ទះអ្នកស្រុកចូលលួចទ្រព្យសម្បត្តិ៍ពេលយប់ ជាបន្តបន្ទាប់ចំនួន09នាក់ បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តនៅរសៀលថ្ងៃទី02 ខែសីហា ឆ្នាំ2021។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ណែនាំពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះល្បាតនៅពេលយប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន 09នាក់ នាំមកអធិការដ្ឋានដើម្បីស្រាវជ្រាវសួរនាំបក្ខពួកជាបន្តបន្ទាប់ទៀត។

លោកអធិការបានបន្តថា ខណៈដែលកងកម្លាំងនគរបាលចុះល្បាត នៅយប់ថ្ងៃទី31 ខែសីហា ឆ្នាំ2021 ក៏ប្រទះឃើញជនសង្ស័យចំនួន02នាក់ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើររើសអេតចាយស្ពាយការ៉ុង សង្ស័យឆែកឆេរឃើញវត្ថុតាង ក្បាលរ៉ូមីណេទឹក កន្លះការ៉ុង។ តាមចម្លើយសារភាពជនង្ស័យខាងលើនេះ នៅថ្ងៃទី01 ខែសីហា ឆ្នាំ2021 កម្លាំងបានចុះទៅស្រាវជ្រាវឃាត់ខ្លួនបក្ខពួកចំនួន07នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលក្នុងភូមិសាស្ត្រខាងលើ រកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖ កង្ហាត្រជាក់01 ចានបង្គន់01 ភ្លើងហ្វា01 ឧបករណ៍បន្ទប់ទឹក+ខ្សែរភ្លើងមួយចំនួន កញ្ចក់សុលឡា06,ដុំឌីសង់ទ័រ16, រម៉កកង់បី01,កាំបិតក្វែវ01,ពូថៅ02, ដាវ01 ,ដបជក់គ្រឿងញៀន03។

លោកវរ:សេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថាបច្ចុប្បន្នជនសង្ស័យទាំង 9នាក់កំពុងឋិតនៅក្នុងការសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕