វ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជានៅល្ងាចស្អែកនេះ

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ស្អែកនេះ។

សូមជម្រាបថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ សម្តេចតេជោបានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ប្រទេសអង់គ្លេសដែលជាជំនួយទ្វេភាគី ដែលនឹងមកដល់នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។ ហើយចំពោះការរិះគន់ការចេញទទួលវ៉ាក់សាំងដែលជាជំនួយរបស់បណ្ដាប្រទេសមួយចំនួនទៀត សម្ដេចតេជោ បានមាន ប្រសាសន៍បញ្ជាក់ថា សម្តេចចេញទទួលតែជំនួយទ្វេភាគីតែប៉ុណ្ណោះ៕