ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានចុះជួប ពលករខ្មែរចំនួន៤៨នាក់ដែលបានធ្វើដំណើរពីខេត្ត ផ្សេងៗ ក្នុងប្រទេសថៃចង់វិលមកកម្ពុជាវិញ

ក្រុមការងារស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃ បានចុះជួបសួរសុខទុក្ខ បងប្អូនពលករខ្មែរចំនួន៤៨នាក់ ដែលបានធ្វើដំណើរពីខេត្ត ផ្សេងៗ ក្នុងប្រទេសថៃ និងចង់វិលទៅកម្ពុជាវិញកាលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ ។

ពួកគាត់ខាងលើបច្ចុប្បន្នកំពុង ជាប់នៅតាមព្រំដែនថៃ-កម្ពុជា ស្ថិតនៅ ស្រុកតាប្រាយ៉ា ខេតសាកែវ ទល់នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែដោយសារខេត្ត បន្ទាយមានជ័យ កំពុងស្ថិតក្រោមការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាល ដាលជម្ងឺកូវីត-១៩។

ក្រុមការងារបាន សហការជាមួយជាអាជ្ញាធរពាក់ព័ន្ធ ទាំងកម្ពុជា-ថៃ នៃស្រុក-ខេត្តខាងលើ ដើម្បីដឹកជញ្ជូន និងរៀបចំកន្លែង ស្នាក់នៅដែលមានសុវត្ថិភាពជូនពួកគាត់ នៅខាងទឹកដីថៃ ចំណុចច្រកព្រំដែនតាប្រាយ៉ា-បឹងត្រកួន។

ក្នុងការចុះសួសុខទុក្ខនេះ មន្ត្រីនៃស្ថានអគ្គកុងស៊ុលក៏បាននាំយកនូវ ស្បៀងអាហារមួយចំនួន និងមួយចំនួនទៀតជារបស់សប្បុរសជនខ្មែរ និងថៃ ជូនពួកគាត់មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មីកញ្ចប់ ទឹកសុទ្ធ ទឹកដោះគោ សំរាប់ទទួលទាន និងរួមជាមួយសំលៀកបំពាក់ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សំរាប់ប្រើប្រាស់ និង ម៉ាស់ ទឹកអាកុលលាងដៃ សម្រាប់បង្ការ ការឆ្លងមេរោគកូវីដ-១៩ ព្រមទាំងតង់សំរាប់ធ្វើជំរក៕

ប្រភព៖ ក្រសួងការបរទេសកម្ពុជា