អ្នកចាំទី អ៊ុំ សេរីរ័ត្ន បន្តការហ្វឹកហាត់បានបន្តិចបន្តួចខណៈរង់ចាំការវះកាត់របួសជង្គង់ជាលើកទី២

CAMSOC-ភ្នំពេញ៖ អ្នកចាំទីដ៏លេចធ្លោរបស់ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) អ៊ុំ សេរីរ័ត្ន បន្តការហ្វឹកហាត់បានបន្តិចបន្តួច ជាមួយមិត្តរួមក្រុម ខណៈរបួសជង្គង់ និងសរសៃពួរបស់គេនៅតែបង្កជាបញ្ហាជាច្រើនឆ្នាំ ដោយកំពុងរង់ចាំការវះកាត់ ជាលើកទី២ នា២សប្តាហ៍ខាងមុខ នៅមន្ទីរពេទ្យមួយក្នុងប្រទេស។

កីឡាករ អ៊ុំ សេរីរ័ត្ន បញ្ជាក់ប្រាប់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះថា «រាល់ថ្ងៃខ្លួននៅតែបន្តការហ្វឹកហាត់ជាប់ជាប្រចាំបានបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើហ្វឹកហាត់ខ្លាំង នៅតែឈឺ ដោយក្លឹបតម្រូវឲ្យវះកាត់ជាលើកទី២សិន។ ប្រសិនបើការវះកាត់លើកទី២នោះមិនទទួលបានលទ្ធផលល្អដូចដើមទេ នោះទើបយើងសម្រេចថាតើត្រូវប្តូរទៅធ្វើជាគ្រូជំនួយ ក្នុងឈុតយុវជនណាមួយ ឬត្រូវទៅប្រកបអាជីពអ្វីផ្សេង។ ថ្នាក់ដឹកនាំក្លឹបតែងតែគិតគូ អំពីការវះកាត់ជាលើកទី២ លើបញ្ហារបួសជង្គង់នេះ ហើយម្យ៉ាងទៀតត្រូវរង់ចាំពេលវេលាសមស្របណាមួយ ព្រោះពេលនេះមានការលំបាកក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩»។

ទោះយ៉ាងនេះក្តី ក៏អ្នកចាំទីវ័យ២៦ឆ្នាំរូបនេះ នៅតែមានឆន្ទៈ ក្នុងវិស័យកីឡាបាល់ទាត់ដដែល ដោយមិនចង់ចាកចេញទៅប្រកបការងារអ្វីក្រៅពីបាល់ទាត់ឡើយ។ ពេលនេះ អ៊ុំ សេរីរ័ត្ន មិនទាន់នឹកឃើញនូវមុខរបរណាមួយ ក្រៅពីវិស័យកីឡាបាល់ទាត់នោះទេ ដោយនៅតែមានឆន្ទៈស្រឡាញ់បាល់ទាត់ដដែល។ អ្នកចាំទីរូបនេះ នៅតែបង្ហាញនូវស្មារតីស្រឡាញ់បាល់ទាត់ជានិច្ច បើទោះបីជានៅពេលខាងមុខ ខ្លួនមិនអាចបន្តធ្វើជាកីឡាករបានក្តី ក៏រូបគេអះអាងថា អាចទៅធ្វើជាគ្រូជំនួយនៃក្រុមយុវជនឈុតណាមួយ ដោយមិនចង់ចាកចេញពីវិស័យបាល់ទាត់នោះទេ ម្យ៉ាងទៀតរូបគេនៅតែទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្លឹបផងដែរ។

សូមរំឭកថា អ៊ុំ សេរីរ័ត្ន ធ្លាប់ជាអតីតកីឡាករជម្រើសជាតិយុវជន និងឈុតធំផងដែរ។ បញ្ហារបួសជង្គង់ និងសរសៃពួរ៉ាំរ៉ៃរបស់គេ បានអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំមកនេះ ដែលនៅតែបង្កការលំបាកមិនអាចហ្វឹកហាត់បានច្រើន និងចូលរួមប្រកួតបានឡើយ ដោយបច្ចុប្បន្ន ការហ្វឹកហាត់របស់ក្លឹបកងយោធពលខេមរភូមិន្ទ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជាបានត្រឹមចូលរួមបង្ហាញវត្តមានអង្គុយទស្សនា និងភាគច្រើនអង្គុយមើលការហ្វឹកហាត់របស់មិត្តរួមក្រុមប៉ុណ្ណោះ។ អ៊ុំ សេរីរ័ត្ន ចាប់ផ្ដើមមានបញ្ហារបួសសរសៃ នៅក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។ បន្ទាប់ពីជាសះស្បើយ គេបានចាប់ផ្តើមលេងវិញនាចុងឆ្នាំ ២០១៩ បន្ទាប់មកបានរងរបួសសសៃរពួជាថ្មី ហើយក្រោយមកគេបានព្យាបាលនៅក្នុងស្រុក៕