ផ្សារក្រមួនព្រះដាក់ កំពុងតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើឱ្យពុកម៉ែបងប្អូននៅក្នុងសហគមន៍តាមបែបគន្លងថ្មីប្រកបដោយសុវត្ថិភាពខ្ពស់

អភិបាលស្រុកបន្ទាយស្រី៖ ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២កំពុងតែប្រព្រឹត្តទៅយ៉ាងរលូននៅតាមមូលដ្ឋាននានាក្នុងស្រុកបន្ទាយស្រី «ផ្សារក្រមួនព្រះដាក់»កំពុងតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើឱ្យពុកម៉ែបងប្អូននៅក្នុងសហគមន៍តាមបែបគន្លងថ្មីប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមិនបង្កឱ្យមានការចំណាយថវិការៀបចំអ្វីទាំងអស់។

សំរាម អនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សុទ្ធតែត្រូវបានធានានៅក្នុងផ្សារប្រភេទថ្មីនេះដោយសហគមន៍ខ្លួនឯង បើទោះជាមិនអាចធ្វើទៅតាមទម្លាប់ចាស់ដែលខ្លួនមាន តែអ្នកលក់ដូរនៅតែអាចរកប្រាក់ចំណូលប្រចាំថ្ងៃបាន ប្រជាពលរដ្ឋទូទៅក៏នៅតែអាចទៅរកទិញរបស់របរត្រូវការចាំបាច់របស់ខ្លួនបានដដែល ហើយសហគមន៍ក៏ត្រូវបានការពារសុវត្ថិភាពពីមេរោគកូវីដ១៩ទៀត។
នៅក្នុងកាលៈទេសៈដែលការរីករាលដាលនៃមេរោគកូវីដកំពុងតែបន្តគំរាមកំហែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ការរៀនរស់នៅតាមបែបគន្លងថ្មី និងការប្រយត្ន័ប្រយែងខ្ពស់ទៅលើបញ្ហាសុវត្ថិភាព នឹងក្លាយទៅជារឿងដែលយើងត្រូវធ្វើជាប្រចាំនិងជាទម្លាប់ហើយ មិនមែនគ្រាន់តែធ្វើម្តងម្កាល ឬធ្វើតែពេលដែលគេនាំគ្នាផ្អើលមួយភ្លែតៗនោះទេ។ សូមបន្តអនុវត្តវិធានការសុវត្ថិភាព ៣ការពារ-៣កុំ និងចាក់វ៉ាក់សាំងឱ្យបាន២ដូសគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងទាំងអស់គ្នា៕

ប្រភព៖ ផេកអភិបាលស្រុកបន្ទាយស្រី