អបអរសាទរ! ពិធីបិទការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០

CAMSOC-ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូ ឆ្នាំ​២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុន បាន​ប្រារព្ធ​ពិធី​បិទ​ការប្រកួតជាផ្លូវការហើយ នៅរាត្រីថ្ងៃអាទិត្យនេះ ក្រោយ​ដំណើរ​ការ​ប្រកួត​ដោយ​ជោគ​ជ័យ​រយៈពេល ១៧ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូត​ដល់​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់​ពី​ធ្វើការពន្យារពេលអស់ ១ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។

ទោះបីការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ បានធ្វើឡើងតាមគន្លងថ្មី នៃបរិបទកូវីដ-១៩ ប៉ុន្ដែបណ្ដាប្រទេសលើពិភពលោក រួមទាំងកម្ពុជា បានបញ្ចូនប្រតិភូ និងអត្តពលិករបស់ខ្លួនចូលរួម ដើម្បីអបអរសាទរម្ចាស់ផ្ទះជប៉ុន ដែលរៀបចំព្រឹត្តិការណ៍កីឡាពិភពលោក ៤ឆ្នាំម្ដងនេះ ក្នុងនាមមហាគ្រួសារកីឡាអូឡាំពិកអន្ដរជាតិ រហូតទទួលបានជោគជ័យ និងបញ្ចប់ដោយរលូន។

ចំពោះលទ្ធផលការប្រកួតវិញ សហរដ្ឋអាមេរិក បានជាប់លេខ១ ជាប្រទេសដណ្ដើមបានមេដាយច្រើនជាងគេសរុប ១១៣គ្រឿង ក្នុងនោះមេដាយមាស ៣៩, ប្រាក់ ៤១ និងសំរឹទ្ធ ៣៣ ខណៈចិន ឈរចំណាត់ថ្នាក់លេខ២ ដណ្ដើមបានមេដាយសរុប ៨៨គ្រឿង មានមេដាយមាស ៣៨, ប្រាក់ ៣២ និងសំរឹទ្ធ ១៨ និងចំណាត់ថ្នាក់លេខ៣ គឺម្ចាស់ផ្ទះជប៉ុន ដែលដណ្ដើមមេដាយសរុប ៥៨គ្រឿង មានមេដាយមាស ២៧, ប្រាក់ ១៤ និងសំរឹទ្ធ ១៧។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នាទីក្រុងតូក្យូនេះ កម្ពុជាបានបញ្ជូនអត្តពលិក ៣រូបចូលរួម តាមរយៈការទទួលបានសិទ្ធិអនុគ្រោះពីសហព័ន្ធអន្ដរជាតិ រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុខគង់ ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេខា​ធិ​ការ​គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម៕

ប្រភព៖ Olympic