អ្នកប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងចំនួន០៥នាក់និងវត្ថុតាងមួយចំនួនផងត្រូវបានឃាត់ខ្លួននិងដកហូតអនុវត្តតាមផ្លូវច្បាប់​នៅក្រុងបាត់ដំបង

នៅ​ថ្ងៃទី​ ៨​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៥និង១៤​នាទី​ អនុវត្តតាម​ការ​ដឹកនាំបញ្ជា​ផ្ទាល់​ពីលោក ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​ដោយបានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សា​លាដំបូងខេត្តបាត់ដំបង​ ផងនោះលោក​វរសេ​នី​យ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ បានចាត់តាំងលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​នាយការិយាល័យ​នគរ​បា​ល​​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំ​កម្លាំង​ក្រុមអន្ត​រា​គមន៍​ បង្ការ​ បង្ក្រាបសហការ​ណ៍ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​​ ជាអធិ​ការនគរបាលក្រុង​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ (​ ភ្នាល់​ទឹកភ្លៀង​)​ចំនួន​០២​ ចំណុច​គឺ​នៅ​ចំណុច​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់​ដំបង​ និងចំណុច​ក្នុង​ព្រលាន​យន្តហោះ​ ស្ថិតក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ និងបាន​នាំខ្លួន​អ្នកប្រព្រឹត្ត​ចំ​នួន​០៥​នា​ក់​​រួមទាំងរថយន្តនិងសម្ភារៈពាក់ព័ន្ធមួយចំ​នួនមក​កាន់​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​។ វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​ ទូរស័ព្ទ​ដៃ​ ចំនួន​ ០៧​ គ្រឿង​

-​ វិទ្យុ​ទាក់ទង​ចំនួន​ ០៥​ គ្រឿង​

-​ រថយន្ត​ចំនួន​ ០៣​ គ្រឿង​ ។

សូមជម្រាបជូនថា​ ករណីល្បែងភ្នាល់ទឹកភ្លៀងនេះ​ កន្លងទៅសមត្ថកិច្ចធ្លាប់បានធ្វេីការបង្រ្កាប​ ជារឿយៗ​ហេីយថែមទាំងបានឃាត់ខ្លួនអ្នកប្រ

ព្រឹត្តបញ្ជូន​ទៅកាន់អ​យ្យកា​រ​អមសាលាដំបូងអនុវត្តតាមច្បាប់ទៀតផង​ តែអ្នកប្រព្រឹត្ត​មួយចំនួ​ន មិ​នបាន​បោះបង់នោះទេ​ ក្នុងនោះ​ ពួកគាត់បានផ្លាស់​ប្តូររូបភាពពីការប្រមូលផ្តុំគ្នាច្រេីន​ៗ ទៅជារូបភាពតូចៗ​ នៅតាមទីវាលស្រែ​ឆ្ងាយ ឬទីឆ្ងាយស្រឡះ​ ដេីម្បីមេីលមេឃ​ និងបានឃេីញជាមុន​ក្នុងករណី​ពេលមានការចុះបង្រ្កាបពីសំណាក់សមត្ថកិច្ច។

បេីទោះបីជាបែបនេះក្តីសមត្ថកិច្ចនគរបាលនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបងដែល​មានលោកឧត្តមសនីយ៍ទោ​ សាត​ គឹមសាន​ ជាស្នង​ការបន្តដឹកនាំជម្រុញដាក់វិធានការគ្រប់ពេលដល់ផែនជំនាញ​ និងអធិ​ការ​ដ្ឋាននគរបាលក្រុង​ ស្រុកឱ្យធ្វេីការបង្រ្កាបគ្រប់អំពេីល្មេីសច្បាប់នៅក្នុងភូមិសាស្រ្តខេត្តបាត់​ដំប​ង​ដែលក្នុងនោះរួមមានទាំងល្បែង​ស៊ីសង​គ្រប់ប្រភេទ​រួមទាំង ល្បែងភ្នាល់ទឹក​ភ្លៀងនេះជាដេីមផង។

អ្នកប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងទាំង០៥នាក់​ព្រមទាំងសម្ភារៈ​ភស្តុតាងផង​​ការិយាល័យ​ជំនាញ​កំពុង​កសាងសំណុំ​រឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​-ច្បាប់​៕​