ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណី “រត់គេចខ្លួន និងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស”

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទី ក្រុមចំរុះរបស់អន្តរក្រសួង បានធ្វើការឃាត់រថយន្ត ប្រភេទបែនចំនួន០៤គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលនោះអ្នកបើកបរ រថយន្ត០១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1422 បានធ្វើសកម្មភាពស្រែកឡូឡា មកលើក្រុមត្រួតពិនិត្យ និងបានបែនដី ដាក់លើផ្លូវ ចំណុចភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល បន្ទាប់មកក៏បានបើករថយន្តរត់គេចខ្លួនបាត់ ដោយមិនឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យរថយន្តរបស់ខ្លួនឡើយ។

លុះមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើករថយន្ដដឹកដី មានទីលំនៅ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក រថយន្ត០១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1422 លេខតួ KMCPB 18SP2C020096 លេខម៉ាស៊ីន D6CA2064341។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕