បុរស០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីក្លែងបន្លំធ្វើជាសមត្ថកិច្ចមន្ត្រីសាលាដំបូង

នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការ សម្របសម្រួលនីតិវិធី ពីសំណាក់ ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពាក់ព័ន្ធករណីក្លែងបន្លំធ្វើជាសមត្ថកិច្ចមន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ជនសង្ស័យទាំងពីរមានឈ្មោះ ÷

១. លុន តុនឡេង (ឡេង) ភេទអាយ៤៣ ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ ។

២. អៀម ប៊ុនធឿន (អែល) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ ។ ដកហូតវត្ថុតាងរួមមានរថយន្ត ០១ គ្រឿង,ទូរស័ព្ទ ០៣ គ្រឿង ។

ករណីនេះក្រោយជំនាញបានសួរនាំ ជនសង្ស័យទាំង ០២ នាក់ បានឆ្លើយសារភាពថា ពិតជាបានដើរយកលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រខាងលើពិតប្រាកដមែន។

បច្ចុប្បន្ន ជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធីទៅតុលាការ ៕