ក្រុមហ៊ុន Google បានប្រកាសឈប់លក់កូនសោសុវត្ថិភាព Titan (security keys) ដែលប្រើបច្ចេកវិទ្យា Bluetooth

ចាប់តាំងពីឆ្នាំ២០១៨ ក្រុមហ៊ុន Google បានដាក់លក់កូនសោសុវត្ថិភាព Titan ដើម្បីប្រើក្នុងការបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ជាមួយប្រព័ន្ធ two-factor authentications ឱ្យកាន់តែមានសុវត្ថិភាព ព្រោះការប្រើលេខកូដតាមរយៈទូរសព្ទ (OTP) ជាមួយនឹងលេខសម្ងាត់ វានៅតែមានភាពចន្លោះប្រហោងក្នុងការការពារសុវត្ថិភាព ដែលជនអនាមិកអាចប្រើវិធីផ្សេងៗដើម្បីលួចទទួលបានលេខកូដទាំងនោះ។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសឈប់លក់កូនសោសុវត្ថិភាព Titan ដែលប្រើបច្ចេកវិទ្យា Bluetooth ប៉ុន្តែក្រុមហ៊ុននឹងបន្តលក់កូនសោសុវត្ថិភាពដែលអាចភ្ជាប់ជាមួយនឹងរន្ធ USB-A ឬ USB-C ព្រមទាំងមានប្រើបច្ចេកវិទ្យា NFC (Near Field Communication) ដែលអាចប្រើជាមួយនឹងទូរសព្ទ ដើម្បីដោះលេខកូដសុវត្ថិភាព។ ការឈប់ប្រើប្រាស់បច្ចេកវិទ្យា Bluetooth ប្រហែលជាអាចទាក់ទងទៅនឹងបញ្ហាសុវត្ថិភាព ព្រោះកាលពីឆ្នាំ ២០១៩កន្លងទៅ ក្រុមហ៊ុន Google បានធ្វើការផ្លាស់ប្ដូរកូនសោ Titan សម្រាប់អតិថិជនជាច្រើនដែលប្រើកូនសោប្រភេទ T1 និង T2 ដោយសារតែបញ្ហាសុវត្ថិភាព។

ការប្រើកូនសោសុវត្ថិភាពសម្រាប់ two-factor authentications ត្រូវបានក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រចាត់ទុកថា ជាវិធីការពារដ៏ខ្លាំងបំផុត។ ទោះជាយ៉ាងណាក្ដី សម្រាប់អ្នកប្រើប្រាស់ធម្មតាមួយចំនួនធំ មិនចាំបាច់ប្រើកូនសោសុវត្ថិភាពក៏បានដែរ ប៉ុន្តែត្រូវប្រើលេខសម្ងាត់ដែលពិបាកនឹងស្មានដូចដែលនាយកដ្ឋានបានណែនាំរួចមកហើយ ដោយឡែកចំពោះអ្នកដែលប្រើប្រាស់ទាក់ទងទៅនឹងឯកសារសំខាន់ៗ និងអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ គួរតែប្រើកូនសោសុវត្ថិភាពនេះដើម្បីការពារគណនីរបស់អតិថិជន ក៏ដូចជាឯកសាររបស់ពួកគេផ្ទាល់គឺជារឿងល្អប្រសើរបំផុត៕

ប្រភពព័ត៌មាន