ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឆបោកម៉ូតូអ្នកភូមិចំនួន០២គ្រឿងយកទៅលក់

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកភ្នំស្រុកធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឆបោកម៉ូតូអ្នកស្រុកយកទៅលក់។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ស៊ុម សុធី ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ។ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី 14 ខែសីហា ឆ្នាំ2021 នៅឃុំពន្លៃ ស្រុកភ្នំស្រុក និងដកហូតបានវត្ថុតាងម៉ូតូជាក់ស្ដែងចំនួនពីរគ្រឿង។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបន្តថា ប្រតិបត្តិការបង្ក្រាបជនសង្ស័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចយើងបានសហការគ្នាចុះស្រាវជ្រាវអស់រយៈពេល 2 ថ្ងៃទើបឈានទៅដល់ការភ្ជាប់ខ្លួនជនសង្ស័យបានសម្រេច។ម៉ូតូបានដកហូតឲ្យម្ចាស់ដើមវិញហើយ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនសង្ស័យគឺជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ កាលពីខែមីនា កន្លងទៅ។ ហើយកាលពីថ្ងៃទី 6 ខែសីហា 2021ថ្មីៗនេះជនសង្ស័យបានឆបោកប្រជាពលរដ្ឋចំនួន3ករណី គឺឆបោកម៉ូតូអ្នកស្រុកនៅសេរីសោភ័ណ្ឌ 2ករណី និងស្រុកព្រះនេត្រព្រះ០១ករណី។ បច្ចុប្បន្នជនសង្ស័យស្ថិតក្នុងការសួរនាំរបស់សមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕