អ្នករត់តាក់ស៊ីម្នាក់ ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួន ករណីហិង្សាដោយចេតនា

ខេត្តព្រះសីហនុ៖ ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី នៅតាមដងផ្លូវសាធារណៈមុខសាលាគរុកោសល្យ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាដោយចេតនា មួយបានកើតឡើង ។ បង្កឡើងដោយជនសង្ស័យ០១នាក់ ជាជនជាតិខ្មែរ ភេទប្រុស បានធ្វើសកម្មភាពបើករថយន្ត ០១គ្រឿង ម៉ាក MAZDA3 ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខៈ ភ្នំពេញ 2AB-8801 យ៉ាងលឿនវ៉ាជែងគេពេញផ្លូវ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការមិនពេញចិត្ត ក៏បានស៊ីផ្លេរដាក់ ព្រមទាំងស្រែកជេរផងដែរ លុះពេលជនសង្ស័យបើករថយន្តដល់ចំណុច មុខសាលាគរុកោសល្យ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏បានកាក់ម៉ូតូ ០១គ្រឿង ដែលមានបុរសជនជាតិខ្មែរម្នាក់កំពុងជិះម៉ូតូមិនបានដឹងខ្លួនឲ្យឈប់ បន្ទាប់មកជនសង្ស័យបានចុះពីរថយន្ត រួចប្រើដៃរុញទៅបុរសដែលជិះម៉ូតូនោះឲ្យដួលទៅលើដី ហើយបានវាយទៅលើបុរសដែលជិះម៉ូតូនោះថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។

ជនរងគ្រោះឈ្មោះ ម៉ា ផាន់ណា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

រងរបួស: ហើមថ្គាមទាំងសងខាង និងហើមប្រអប់ដៃខាងស្តាំ ។

ជនសង្ស័យឈ្មោះ មុត រ៉ាវុធ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន:

រថយន្ត ០១គ្រឿង ម៉ាក MAZDA3 ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខៈភ្នំពេញ 2AB-8801

បច្ចុប្បន្នជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕