ឃាត់ខ្លួនបុរសស្រ្តី២នាក់ តាមដីការរបស់អយ្យការអមសាលាដំបូងខេត្ត ពីបទបំពានទៅនឹងវិធានការរដ្ឋបាលដែលមានចែញក្នុងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល

នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះអនុវត្តដីការបញ្ជាឲ្យចូលខ្លួនលេខ ០២៤ ដប.ចខ/២១ និងលេខ ០២៥ ដប.ចខ/២១ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់ ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ។

ជនសង្ស័យឈ្មោះ ខៀវ ជា (ហៅជា) ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរម្ចាស់ហាងអាជីវកម្ម KTV 555 មានទីលំនៅបច្ចុប្បន្នភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ដោយបំពានទៅនឹងវិធានការរដ្ឋបាល ដែលមានចេញក្នុងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល បណ្ដាលអោយឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រហូតដល់បិទតំបន់អូរស្មាច់។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ កម្លាំងជំនាញបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕