ស្ថានទូតចិនប្រចាំកម្ពុជា៖ ពហុកីឡដ្ឋានជាជំនួយរបស់ភាគីចិន ឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ

CAMSOC-ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ នៅដើមសប្តាហ៍នេះ ដែលនេះបានបង្ហាញពីអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន និងកម្ពុជា និងការផ្សាភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ស្ថានទូតចិនបានលើកឡើងខ្លឹមសារបន្ថែមទៀតថា «គម្រោងខាងលើនេះ មានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ហើយជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។ ពហុកីឡដ្ឋានថ្មីនេះ អាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ខាងមុខនេះផងដែរ»។

នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងចិន-កម្ពុជា៕

ប្រភពរូបភាព៖ ស្ថានទូតចិនប្រចាំកម្ពុជា