មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈមនុស្សម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសាររន្ទះបាញ់នៅស្រុកសូទ្រនិគម 

សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១​ម្សិលមិញនេះ មានករណីរន្ទះបាញ់ បានកើតមានឡើងចំនួន០២កន្លែងខុសគ្នា បណ្ដាលធ្វើឲ្យមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និង មនុស្សម្នាក់ទៀតបានរងរបួស ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា ករណីទី១ បានកើតឡើងនៅវេលាម៉ោង១៤និង៣០ នៅចំណុចភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ គឺឈ្មោះ ឆឹង សុគុណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងអំឡុងពេលដែលជនរងគ្រោះ និងគ្រួសារ មកលេងកូននៅភូមិស្វាយជ្រុំ ឃុំសំរោងនេះ និង ករណីទី២ កើតឡើងនៅវេលាម៉ោង១៣និង៥០នាទី នៅចំណុចភូមិសំរោង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម រន្ទះបាញ់ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ គឺឈ្មោះ លាំ ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅភូមិសំរោងនេះដែរ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

គួររំលឹកថា តាមរបាយការណ៍សង្ខេបរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល០៧ខែដើមឆ្នាំ២០២១នេះ ក្នុងទូទាំងខេត្តសៀមរាប ករណីរន្ទះបាញ់បានកើតមានឡើងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០៦នាក់ និង រងរបួសចំនួន ០៨នាក់ ៕