ឆ្លងចរន្តអគ្គិសនី​ ឆាបឆេះផ្ទះ​ទូកុងទឺន័រ​ មួយកន្លែង​ បណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន

(ភ្នំពេញ​)៖​ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១០និង២០នាទីយប់​ ថ្ងៃទី១៧​ ខែសីហាឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្លូវ៦០ម៉ែត្រ​ ភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់មានឈ្មោះ​ ប៊ិន​ ស៉ិនណារុង ភេទប្រុស អាយុ​ ៣៨ឆ្នាំ​ ជាអ្នកគ្រប់គ្រង​ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការ​ឆ្លងចរន្តអគ្គិសនី​។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ផ្ទះទូកុងទឺន័រ​ មួយ​ ទំហំ​ ៤ម៉ែត្រ​ x​ ៤ម៉ែត្រ​ សម្ភារៈ​ប្រេីប្រាស់ក្នុងទូកុងទឺន័រអស់មួយចំនួន​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់​ ៤ឡាន ស្មើ ១៨ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេី​ ១២ម៉ែត្រ​គូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១០និង៥០នាទីយប់ ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០២១៕