ផ្ទុះអាវុធជាច្រើនគ្រាប់ និងឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននៅរសៀលថ្ងៃនេះ

កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧)នៃអគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចស្តុបផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ៦អា ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុអោយដឹងថានៅមុនពេលកើតហេតុ ឃើញមានរថយន្តចំនួន៣គ្រឿង ម៉ាកស្ដាររិច ពណ៌ស ១គ្រឿង រថយន្តម៉ាកlexus Rx330 ពណ៌ខ្មៅ ១គ្រឿង និងរថយន្តម៉ាក Ford Raptor ពណ៌ស មួយគ្រឿង ថែមទាំងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦A ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងចេញពីទីក្រុងភ្នំពេញ ខណៈមកដល់នៅចំណុចស្តុប ផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ៦អា ស្រាប់តែកម្លាំងសមត្ថកិច្ចទាំងឯកសណ្ឋាននិងស៉ីវិល ចុះមក ពេញផ្លូវ រួចបានដកកាំភ្លើង បាញ់ចំនួន៧គ្រាប់ រួមមានទាំងអាវុធខ្លី និងវែងផងដែរ តែក្នុងប្រតិបត្តិការនេះមិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ ។
ក្រោយប្រតិបត្តិការ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន(ក៧)បានប្រមូលគ្នាឡើងរថយន្តចាកចេញពីកន្លែងកើតហេតុភ្លាមៗ ។
ចំណែកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ បានបញ្ចាក់ថាករណីនេះ គឺប្រតិបត្តិការរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចុះចាប់ជនសង្ស័យរួមទាំងវត្ថុតាង៕