មនុស្ស៤នាក់បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តទំនើប០១គ្រឿងបើកក្រឡាប់ធា្លក់ចូលប្រឡាយប នៅស្រុកស្វាយចេក

សមត្ថកិច្ចបន្ទាយមានជ័យ បានអោយដឹងថា មនុស្សចំនួន០៤នាក់បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលប្រឡានទឹក ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នោះលើផ្លូវអភិវឌ្ឍ ចម្ងាយ២គីឡូម៉ែត្រ ខាងលិចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា ជនរងគ្រោះទាំង០៤នាក់ ១-ឈ្មោះ គឹម ហេង ភេទប្រុស អាយុ៥៥ឆ្នាំ ,២-គង់ សុវណ្ណា ភេទស្រីអាយុ៥៣ឆ្នាំ ,៣-ឈ្មោះ ហេង រតនា ភេទស្រី អាយុ៦ឆ្នាំ ,៤-ឈ្មោះគឹម ធា ភេទស្រី អាយុ៤២ឆ្នាំ ជនរងគ្រោះទាំង០៤នាក់ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR.SELA ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តបានធ្វើដំណើរពីទិសខាងកើតទៅលិច ពេលមកដល់ចំណុចកើតហេតុជាចំណុចផ្លូវបំបែក បានរេចង្កូតធ្លាក់ពីលើផ្លូវ ចូលក្នុងទឹកប្រឡាយផ្ងារជើង បណ្តាលឲ្យស្លាប់អ្នកបើកបរ និងអ្នករួមដំណើរសរុបចំនួន០៤នាក់ ។

សពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋជួយស្រង់យកមកដាក់លើគោក ដើម្បីស្រាវជ្រាវរកសាច់ញាតិ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ