រាជរដ្ឋាភិបាល សម្រេចយកខេត្តសៀមរាប ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ ថ្នាក់តំបន់ភាគខាងជើងបឹងទន្លេសាប

ក្នុងឱកាសដែលអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដឥ១៩ និងមន្ទីរពិសោធន៍ថ្មី នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានសម្រេចយកខេត្តសៀមរាប ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ថ្នាក់តំបន់ ដែលមានវិសាលភាពលើខេត្តចំនួន៥ភាគខាងជើងបឹងទន្លេសាប រួមមាន ៖ ខេត្តកំពង់ធំ , ខេត្តព្រះវិហារ , ខេត្តឧត្តរមានជ័យ , ខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប ដែលត្រូវបានរៀបចំឡើងនៅបរិវេណសាលមហោស្រពអង្គរ-កូអ៊ិច ស្ថិតនៅលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលទីតាំងនេះ អាចដាក់អ្នកជំងឺបានចំនួន៤០០នាក់ ។

ឯកឧត្តម ម៉ម ប៊ុនហេង មានប្រសាសន៍ទៀតថា តាមការពិតទៅនៅតាមបណ្តាខេត្តនានា សុទ្ធសឹងតែមានកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលធ្ងន់ធ្ងរ ប៉ុន្តែ ការយកខេត្តសៀមរាបធ្វើជាមណ្ឌលព្យាលបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់នោះ វាសមស្របំផុត ដោយសារនៅខេត្តសៀមរាប មានមន្ទីរពិសោធន៍ថ្មី ដែលមានសមត្ថភាពអាចពិនិត្យសំណាកបានក្នុងមួយថ្ងៃជាង៩០០សំណាក និងឆាប់រហ័ស ដែលនេះជាការងាយស្រួលមួយក្នុងការព្យាបាលអ្នកជំងឺ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍បន្ថែមថា មកដល់ពេលនេះ ក្រសួងបានកត់សម្គាល់ឃើញថា ស្ថានភាពឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា កំពុងស្ថិតក្នុងនិន្នាការនៃការថយចុះ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាក់សាំងនោះ តែទោះជាយ៉ាងនេះក្ដី ការរៀបចំឲ្យមានមន្ទីរព្យាបាលកូវីដ-១៩ថ្មីបន្ថែមទៀត សម្រាប់ទទួលអ្នកជំងឹកំរឹតធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាបនោះ គឺជាយុទ្ធសាស្រ្តប្រៀបឈ្នះរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស សូមបន្តការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន រៀនរស់នៅធម្មតាជាមួយរុសកូវីដ-១៩ តាមបែបគន្លងថ្មី សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ ជាពិសេស ពពួកប្រភេទបំប្លែងថ្មី ឬក៏ប្រភេទថ្មីៗផ្សេងទៀត ៕