ដុតខ្សែភ្លេីងយកស្ពាន់បង្ករជាអគ្គិភ័យឆាបឆេះផ្ទះ​ ៥ខ្នង​ ស្មេីរនឹង​ ១២គ្រួសារ​ នៅក្នុងសង្កាត់ទួលសង្កែទី១

(ភ្នំពេញ​)៖​ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៧និង៣០នាទីយប់​ ថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ព្រមទាំងឆាបឆេះអស់សម្ភារៈទាំងស្រុង។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ផ្ទះឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ​ ៤៥ឆ្នាំ​ បានជួលទៅឲ្យឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ រើសអេតចាយ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែ ដុតយកស្ពាន់បានបង្ករជាអគ្គិភ័យ។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ផ្ទះឈើប្រក់ស័ង្កសី ទំហំ​ ៥ម៉ែត្រ​ x​ ៦ម៉ែត្រ​ ខូចខាតសម្ភារៈប្រើប្រាស់អស់ទាំងស្រុងចំនួន ៥ខ្នង ស្មើរនឹង ១៥គ្រួសារ។

សម្រាប់ប្រតិបត្តិការសង្គ្រោះនេះ​ កម្លាំងសមត្ថកិច្ចជំនាញបាន​ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១៥គ្រឿង ប្រើប្រាស់ទឹកអស់​ ១៥ឡាន ស្មើរ ៦០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន​ ១គ្រឿង ប្រេីប្រាស់ទឹក​អស់​ ១ឡាន​ ស្មេីរ​ ៦ម៉ែត្រគូប​​, រថយន្តរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹក​អស់​ ១ឡាន​ ស្មេីរ​ ៤ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៨និង០០នាទី​យប់ ថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២១៕