បួនប្រទេស បង្ហាញបំណងប្រជែងធ្វើម្ចាស់ផ្ទះបាល់ទាត់ជើងឯកអាស៊ាន២០២០ដែលពន្យាពេល

(អាស៊ាន)៖ មន្ត្រីជាន់ខ្ពស់បាល់ទាត់តំបន់អាស៊ាន បានប្រាប់BTV News នៅថ្ងៃទី២៤ ខែសីហានេះថា មកដល់ពេលនេះមានបួនប្រទេសហើយដែលចង់ប្រជែងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ២០២០ដែលពន្យាពេលដោយសារកូវីដ-១៩។

ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ក្រៅពីព្រះរាជាណាចក្រកម្ពុជា ប្រទេសសិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី សុទ្ធតែបានបង្ហាញបំណងប្រជែងធ្វើជាម្ចាស់ផ្ទះការប្រកួត AFF Suzuki Cup 2020នេះ។

ដំបូង បាល់ទាត់ពានរង្វាន់តំបន់អាស៊ាន ២០២០ គ្រោងធ្វើពីថ្ងៃទី២៣ ខែវិច្ឆិការ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ប៉ុន្តែការប្រកួតត្រូវបានពន្យាពេល និងរៀបចំកម្មវិធីប្រកួតឡើងវិញពីរដង ដោយសារតែជំងឺរាត្បាតសកល កូវីដ-១៩ ដោយត្រូវលេងពីថ្ងៃទី ១១ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយចុងក្រោយនេះ គ្រោងលេងពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២វិញ។ ចំនែកការចាប់ឆ្នោតមិនទាន់កាលបរិច្ឆេទថ្មីនៅឡើយ៕

ប្រភព÷ BTV News