ឆ្លងចរន្តអគ្គិសនីឆាបឆេះមន្ទីរពហុព្យាបាល និងសម្ភារ សុខ លាភ មេត្រី ខូចខាតសម្ភារៈមួយចំនួននៅខណ្ឌបឹងកេងកង

(ភ្នំពេញ​)៖​ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១០និង២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ ភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួន។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ផ្ទះឈ្មោះ សុខ​ វិសាល​គុណ​ ភេទប្រុស អាយុ​ ២៥ឆ្នាំ​ ជាម្ចាស់គ្លីនិក មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែ ឆ្លងចរន្តអគ្គិសនី​។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ថ្មបេតុង​ ទំហំ​ ១២ម៉ែត្រ​ x​ ២០ម៉ែត្រ​ ខូចខាតម៉ាស៉ីនត្រជាក់ចំនួន​ មួយ,​ តុទូរដាក់សម្ភារៈមួយចំនួន​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះនេះ​ កម្លាំងសមត្ថកិច្ចជំនាញបាន​ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៥គ្រឿង ប្រើប្រាស់ទឹកអស់​ ៥ឡាន ស្មើរ ២០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ ពុំបានប្រេីប្រាស់ទឹក​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១០និង៥០នាទីព្រឹក ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២១៕