ឯកឧត្តម វ៉ាត់ ចំរើន ចែករំលែកបទពិសោធ និង​ការ​ងារ​កី​ឡា​ដល់​និស្សិត​ជប៉ុន និង​កម្ពុជា ក្នុង​កម្ម​វិធី Diverse Voyage

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ​អូ​ឡាំ​ពិក​កម្ពុជា​(NOCC) នៅ​រសៀល​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចូល​រួម​ជា​វា​គ្មិន​កិត្តិ​យស​ក្នុង​កម្ម​វិធី Diverse Voyage Phnom Penh Online ដើម្បី​ចែក​រំលែក​បទ​ពិសោធ ក្នុង​នាម​ឯក​ឧត្តម​ជា​អតីត​អត្ត​ពលិក​អូឡាំ​ពិក (Olympian) ដល់​និស្សិត​​ជប៉ុន និង​កម្ពុជា ដែល​រៀប​ចំ​ដោយ​អង្គការ Global Incubation X Fostering Talents (GiFT) របស់​ប្រ​ទេស​ជប៉ុន ។

កម្មវិធីនេះ បានរៀបចំតាមប្រព័ន្ធអនឡាញ (Zoom) ដើម្បី​ចែក​រំ​លែក​អំពី “ចក្ខុវិស័យ បេសកកម្ម និង​គុណ​តម្លៃ​កី​ឡា​ឆ្ពោះ​ទៅ​ឆ្នាំ​២០២៣” ដោយ​មាន​និស្សិត​ជប៉ុន និង​កម្ពុជា​ចូល​រួម​សរុប​ចំនួន ៣៧នាក់ ក្នុង​គោល​បំ​ណង​លើក​កម្ពស់ និង​ផ្សព្វ​ផ្សាយ​នូវ​គុណ​តម្លៃ​កីឡា និង​ស្មារ​តី​អូឡាំពិក ក្រោម​ប្រ​ធាន​បទ “មិត្តភាព សាមគ្គីភាព និង​ភាព​យុត្តិធម៌-Friendship Solidarity and Fairness” ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន បានចែករំលែក​បទពិសោធ​ជា​ច្រើន រួម​ទាំង​ជីវិតតស៊ូផ្ទាល់ខ្លួន តាំងពីចាប់ផ្ដើមអាជីពជាកីឡាករ រហូត​ក្លាយ​អត្ត​ពលិក​អូឡាំពិក និង​ក្លាយជាថ្នាក់ដឹក​នាំកី​ឡា​មួយ​រូបនា​ពេល​បច្ចុប្បន្ន ។ ស្របជាមួយគ្នា ឯកឧត្តម​ក៏បាន​ផ្សាភ្ជាប់​នូវបទ​ពិសោធ​ការ​ងារ សម្រាប់ដំណើររៀបចំត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។

ឯកឧត្តមមានប្រសាសន៍ថា «ខ្ញុំបានចែករំលែកបទពិសោធ​ការងារ​កីឡា និង​ជីវិត​តស៊ូ ដើម្បីក្លាយជាកីឡាករល្អ និង​បទ​ពិ​សោធ​ការងារ​នៅ​អូឡាំ​ពិក​ហ្គេម ក៏​ដូច​ជា​បទពិសោធការងារសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ និង​ចែក​រំលែក​នូវ​ទស្សនៈ​វិស័យ​កីឡា ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​ជប៉ុន និង​និស្សិត​ខ្មែរ​របស់​យើង គាត់​បាន​យល់​ដឹង​អំពី​ការ​ផ្សព្វ​ផ្សាយ​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ដ្រ​ស៊ី​ហ្គេម​នៅ​កម្ពុជាយើង» ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខា​ធិការ​គណៈ​កម្មាធិ​ការ​ជាតិ CAMSOC ដដែលបន្ដថា «ពួក​គេចង់​ដឹងនូវ​បទពិ​សោធ​ជីវិត​ឆ្លង​កាត់​ជាកីឡាករ រហូតក្លាយជាកីឡាករអូឡាំពិក និង​ក្លាយ​ជា​ថ្នាក់​ដឹក​នាំ​កីឡា តើត្រូវធ្វើយ៉ាងម៉េច ដើម្បី​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ជីវិត​របស់​យើង? ចឹងយើងបានចែករំលែកខ្លឹមសារ នៃ​ការដាក់គោលដៅ ការ​ជឿ​ទុក​ចិត្ត​ខ្លួន​ឯង ការប្ដេជ្ញាចិត្ត និងមានវិន័យខ្លួនឯងបានល្អ ទើប​អាច​សម្រេច​ដល់​គោលដៅ ពិសេសខិតខំធ្វើការដោយខ្លាំងក្លា គឺ​ធ្វើ​ការ​ខ្លាំង​ដោយ​កម្លាំងផង និងបញ្ញាផង» ។

«អញ្ចឹងយើងបានចែករំលែក ហេតុអ្វីយើងហាត់កីឡាបានផង យើង​រៀន​បាន​ផង? ដោយសារការបែងចែកពេលវេលាច្បាស់លាស់ រៀន​គឺ​រៀន ហាត់គឺហាត់ ហើយការតាំងចិត្ត ការ​មិន​បោះ​បង់​នូវ​គោល​ដៅ​ដែល​យើង​ហ្វឹកហាត់ឲ្យសម្រេចនូវជំនាញច្បាស់លាស់ ។ មួយវិញទៀត យើង​បានជំរុញឲ្យយុវជនខិតខំរៀនសូត្រ អប់រំខ្លួន គោរ​ព​ក្រម​សីល​ធម៌​រស់​នៅ ប្រកបដោយសេចក្ដីថ្លៃថ្នូរ ដើម្បីដើរឲ្យទាន់សម័យកាលឌីជីថល សម័យ​កាលបច្ចេកវិទ្យា ដោយដើរលើផ្លូវសុចរិត និងទៀងត្រង់ផងដែរ» ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ។

បន្ទាប់ពីស្ដាប់ការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធ​របស់​អតីត​អត្តពលិក​អូឡាំពិកកម្ពុជាខាងលើ ក្រុមយុវជនទាំងអស់ បាន​សម្ដែង​ការ​សប្បាយ​ចិត្ត ចំពោះការទទួលបាននូវដំបូន្មាន និងបទពិសោធដ៏ប្រពៃ ដោយ​ពួក​គេ​បាន​អះអាងថា នឹងចង់ចាំជានិច្ច ហើយ​ទុក​ជាគំរូដ៏ល្អមួយសម្រាប់ពួកគេ ។ លើសពីនេះ ពួកគេ​ក៏បានផ្ដល់នូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាត់ ចំរើន ដែលបានចែករំលែកបទពិសោធ និងពុទ្ធិល្អៗជាច្រើន សម្រាប់ពួកគេយកទៅធ្វើជាមេរៀន និងជាបទពិសោធជីវិតបន្ថែមទៀតផង ៕