លីគកំពូលកម្ពុជា ត្រឡប់មកវិញចុងសប្ដាហ៍នេះ ក្រោយ​ផ្អាក​ការ​ប្រ​កួត ៣សប្ដាហ៍

CAMSOC-ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌ​លីគ​កំ​ពូល​កម្ពុជា ឆ្នាំ២០២១ នឹង​ត្រ​ឡប់​មក​វិញ នា​ចុង​សប្ដាហ៍​នេះ​ហើយ បន្ទាប់​ពី​ផ្អាក​ការ​ប្រ​កួត​អស់​រយៈ​ពេល ៣​សប្ដាហ៍ ដោយ​សារ​បញ្ហា​កូវីដ-១៩។ នេះ​បើ​តាម​ការ​ជូន​ដំ​ណឹង​របស់​គណៈ​កម្ម​ការ​ប្រ​កួត​បាល់​ទាត់​ជាតិ​កម្ពុជា​ (CNCC)។

ចំពោះកម្មវិធីប្រកួតចុងសប្ដា៍នេះ ក្រុមភ្នំពេញក្រោន នឹង​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​សមា​គម​កី​ឡា​បាល់​ទាត់​កង​យោ​ធ​ពល​ខេម​រ​ភូមិន្ទ​ (Tiffy Army) នា​ល្ងាច​ថ្ងៃទី​២៩ ខែ​សីហា នៅ​កី​ឡ​ដ្ឋាន Smart RSN មុន​ក្រុម​សូល​ទី​ឡូ​អង្គរ ជួប​ក្រុម​ន​គរ​បាល​ជាតិ នា​ថ្ងៃទី​០១ ខែ​កញ្ញា នៅ​កី​ឡ​ដ្ឋាន SRU ខេត្ត​សៀម​រាប ដែល​ជា​ការ​ប្រ​កួត​បង្គ្រប់​សប្ដាហ៍​ទី៦ ដូចគ្នា។

ដោយឡែកសប្ដាហ៍ក្រោយ ការប្រកួតនឹងដំណើរការ​ធម្ម​តា​ជា​មួយ​ការ​បន្ដ​ការ​ប្រ​កួត​ជុំទី១ សប្ដាហ៍​ទី​១២ ដែល​មាន ៦​ប្រ​កួត​ពេញ នា​ថ្ងៃទី០៤-០៥ ខែកញ្ញា។ ការ​ប្រ​កួត​ជុំ​ទី១ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី១៥ ខែ​កញ្ញា មុន​បន្ដ​ការ​ប្រ​កួត​ជុំទី២ ដែល​គ្រោង​ផ្លាស់​ប្ដូរ​រូប​មន្ដ​ប្រ​កួត​ដោយ​បែង​ចែក​ជា ២ គឺ​ការ​ប្រ​កួត Top-8 និង 5 Bottom មាន​ន័យ​ថា ក្រុម​ឈរ​លេខ១ ដល់​លេខ៨ នៃ​ជុំ​ទី១ ត្រូវ​ប្រ​កួត​ប្រ​ជែង​ពាន និង ៥ក្រុម​ក្រោម​គេ ត្រូវ​លេង​ដើម្បី​រក្សា​កៅ​អី​ក្នុង​លីគ ឆ្នាំ២០២២។

គិតត្រឹមសប្ដាហ៍ទី១១ មុនលីគផ្អាកការប្រកួត ៣សប្ដាហ៍​កន្លង​ទៅ គេ​ឃើញ ៥ក្រុម​កំពូលតារាង មានពិន្ទុប្រដេញគ្នាយ៉ាងប្រកៀកប្រកិត រួម​មាន​វិសាខា (២២ពិន្ទុ), បឹងកេត (២១ពិន្ទុ), អង្គរថាយហ្គឺរ (២០ពិន្ទុ), ព្រះ​ខ័ន​រាជ​ស្វាយ​រៀង និងណាហ្គាវើលដ៏ (១៩ពីន្ទុស្មើគ្នា) បន្ទាប់ពីឆ្លងកាត់ ១០ប្រ​កួត។ ចំណែកភ្នំពេញក្រោន ឈរលេខ៦ និងមាន ១៨ពិន្ទុក្នុងដៃ តែ​ពួក​គេទើបប្រកួតបាន ៨ប្រកួតប៉ុណ្ណោះ៕